យោងទៅតាមសារព័ត៌មាន ESPN បានឲ្យដឹងថា ស្តេចប្រដាល់ហ្វីលីពីន Manny Pacquiaoគ្រោង នឹងវិលត្រឡប់ចូលសង្វៀនប្រកួតវិញ នាចុងឆ្នាំនេះ ក្រោយប្រកាសចូលនិវត្តន៍បានតែ៣ខែ។
លោក Bob Arum អ្នកផ្គូរផ្គងការប្រកួត បានប្រាប់ ESPNថា កីឡាករ Manny Pacquiao នឹងចូលប្រកួតវិញនៅថ្ងៃទី៩ ខែតុលា ឬក៏នៅថ្ងៃទី៥ ខែវិច្ឆិកា ក្នុងទីក្រុង Las Vegas សហរដ្ឋ អាមេរិក តែពុំទាន់ដឹងថា គូប្រកួតរបស់គាត់ជានរណានោះទេ ។
លោក Bob Arum បានថ្លែងបន្តទៀតថា “Pacquiaoចង់វិលត្រឡប់មកប្រកួតវិញ ។ តែគាត់អាច មកប្រកួតវិញបានក្នុងករណីដែលគ្មានបញ្ហាពាក់ព័ន្ធនឹងការងារព្រឹទ្ធសភារបស់គាត់តែប៉ុណ្ណោះ” ។
Pacquiao បានប្រកួតឈ្នះកីឡាករ Timothy Bradley កាលពីខែមេសា ហើយបានប្រកាសចូលនិវត្តន៍។ មិនត្រឹមតែប៉ុណ្ណោះ កីឡាករប្រដាល់វ័យ៣៧ឆ្នាំ និងជាអតីតម្ចាស់ខ្សែក្រវាត់ពិភពលោក៨ស្ថាប័ន នេះ បានឈ្នះកៅអីក្នុងព្រឹទ្ធសភារបស់ប្រទេសហ្វ៊ីលីពីនទៀតផង ៕
ដោយ៖ ថាច់ យ៉ាត