ខេត្តបន្ទាយមានជ័យ៖ មន្ត្រីគយ និង រដ្ឋាករ ខេត្តបន្ទាយមានជ័យបានបង្ក្រាប ម៉ូតូគ្មានពន្ធរយៈពេល១ខែ ជាបន្តបន្ទាប់ សរុបបានចំនួន៥៥គ្រឿងឲ្យម្ចាស់បង់ពន្ធអនុគ្រោះ រហូតដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ ។
លោក ហែម ម៉ានិត អនុប្រធានសាខា គយ និងរដ្ឋាករខេត្តបន្ទាយមានជ័យបាន និយាយថា ដោយមានការណែនាំពីនាយក ដ្ឋានគយ និងរដ្ឋាករ និងអភិបាលខេត្ត បន្ទាយមានជ័យ ដើម្បីត្រួតពិនិត្យលើយាន យន្តលោក ឆែ សុធា ប្រធានសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យបានដាក់វិធានការដល់មន្ត្រីគយ និងរដ្ឋាករ ចល័តបង្ក្រាបយានយន្តដែលគ្មានពន្ធចាប់ និងណែនាំដល់ប្រជាពលរដ្ឋឲ្យបង់ពន្ធអនុគ្រោះ ។
លោកបានបន្តថា ការបង្ក្រាបនេះបានធ្វើ ឡើងតាំងពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦ បាន ចំនួន១៦គ្រឿង ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ បានចំនួន៧គ្រឿង ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ បានចំនួន១១គ្រឿង ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦បាន២គ្រឿង ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ ចំនួន១៤ គ្រឿង និងដល់វេលាម៉ោង១២ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ បានចំនួន៥គ្រឿង សរុបទាំងអស់៥៥គ្រឿង ហើយនឹងអនុវត្តចុះត្រួតពិនិត្យនេះរហូតដល់ខែសីហា ឆ្នាំ២០១៦ ។
លោក ឆែ សុធា ប្រធានសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យបាននិយាយថា ការអនុវត្តរបស់មន្ត្រីគយ និងរដ្ឋាករខេត្តដែលចុះចល័តបង្ក្រាបយានយន្តគ្មាន ពន្ធនេះ គឺ ដើម្បីរំលឹកដល់ប្រជាពលរដ្ឋដែលប្រើ ប្រាស់យានយន្តគ្មានពន្ធឲ្យចូលបង់ពន្ធ អនុគ្រោះមុនការអនុវត្តបង្ក្រាបឲ្យបង់ពន្ធ ផាកពិន័យនៅខែសីហា ឆ្នាំ២០១៦ខាង មុខនេះ ។
លោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់យានយន្តគ្រប់ ប្រភេទគ្មានពន្ធត្រូវចូលបង់ពន្ធអនុគ្រោះ ឲ្យបានទាន់ពេលវេលាព្រោះការអនុវត្តការបង្ក្រាបយានយន្តនឹងធ្វើដូចភ្លៀងរលឹម ដើម្បី ប្រមូលពន្ធជូនរដ្ឋ ៕
ដោយ៖ វិច្ឆិកា