ភ្នំពេញ: មន្ត្រីតុលាការ បញ្ជាក់ថា ខ្មាន់កាំភ្លើងដែលសារភាពថាជាអ្នកបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ប្រធានអង្គការអភិវឌ្ឍន៍សង្គម ត្រូវបានបញ្ជូនដល់ពន្ធនាគារព្រៃសហើយ កាលពីល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦នេះ។
ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បញ្ជាក់ថា លោក សេង លាង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្មាន់កាំភ្លើងរូបនេះដាក់ពន្ធនាគារបណ្ដោះអាសន្នហើយ ។ លោកបញ្ជាក់ថា ខ្មាន់កាំភ្លើង ត្រូវបានលោកសម្រេចចោទប្រកាន់ចំនួន២បទល្មើស គឺ ឃាតកម្មគិតទុកជាមុននិងបទ កាន់កាប់ ឬ ដឹកជញ្ជូនអាវុធគ្មានការអនុញ្ញាត តាមមាត្រា២០០ និង ៤៩០នៃក្រមព្រហ្មទណ្ឌ ។
បទល្មើសទាំងនេះកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត បើរកឃើញថាមានពិរុទ្ធ។
ជាមួយគ្នានេះ បុគ្គលដែលលក់អាវុធឲ្យខ្មាន់កាំភ្លើង ក៏ត្រូវបានតុលាការចោទប្រកាន់ពីបទលក់ដូរអាវុធគ្មានការអនុញ្ញាត តាមមាត្រា២០ច្បាប់ស្ដីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវ ផងដែរ ។
លោក លី សុផាណា បន្ថែមថា រហូតមកពេលនេះ ខ្មាន់កាំភ្លើងនៅតែអះអាងថា ខ្លួនមានឈ្មោះ ជួប សម្លាប់ អាយុ៣៨ឆ្នាំ ដដែល ។
ដោយឡែក លទ្ធផលនៃការសាកសួរខ្មាន់កាំភ្លើង ត្រូវបានលោក លី សុផាណា បញ្ជាក់ថា ការសួរចម្លើយនេះបានផ្តល់ប្រយោជន៍និងតម្រុយជាច្រើនសម្រាប់ការសើបអង្កេតនិងការចោទប្រកាន់នៅក្នុងរឿងក្តីនេះ៕
ដោយសហការី