ភ្នំពេញ ៖ ប្រជាពលរដ្ឋបានរិះគន់ចំពោះ អាជ្ញាធរដែនដី និងស្ថាប័នដែលពាក់ព័ន្ធថាមិនបានពិនិត្យបញ្ហាសណ្តាប់ធ្នាប់ឲ្យមាន របៀបរៀបរយនៅតាមចិញ្ចើមផ្លូវដោយឲ្យគេដាក់តាំងម៉ូតូលក់លយចេញមកលើ ចិញ្ចើមថ្នល់ ដើម្បីផលប្រយោជន៍ ខ្លួនឯង មិនគិតពីសណ្ដាប់ធ្នាប់និងសោភណភាព ទីក្រុងឡើយ ។
បើយើងធ្វើដំណើរតាមផ្លូវព្រះសីហនុម្តុំអតីតរោងកុនគិរីរម្យយើងនឹងបានឃើញការដាក់តាំងលក់ម៉ូតូអនាធិបតេយ្យលយចេញមកលើចិញ្ចើមផ្លូវតែម្តង ហើយទីតាំងទាំងនេះស្ថិតនៅក្នុងខណ្ឌចំនួនពីរគឺខណ្ឌ៧មករា និងខណ្ឌចំការមន ។
សកម្មភាពទាំងនេះធ្វើឲ្យប្រជាពលរដ្ឋជាច្រើនមានការរអ៊ូរទាំចំពោះម្ចាស់អាជីវកម្ម ដែលបានយកចិញ្ចើមផ្លូវ និងចំណីផ្លូវធ្វើជាកម្មសិទ្ធិរំខានដល់ អ្នកដំណើរថ្មើរជើងមិនមានចិញ្ចើមផ្លូវសម្រាប់ពួកគាត់ដើរហើយពួកគាត់បង្ខំចិត្តដើរលើទ្រូងផ្លូវដែលងាយបង្កគ្រោះថ្នាក់ជាយថាហេតុសម្រាប់ពួកគាត់ណាស់ ។ ម៉្យាងវិញទៀតវាបង្កឲ្យមានការកកស្ទះចរាចរណ៍ផងដែរ ។
អ្នកធ្វើដំណើរនិងប្រជាពលរដ្ឋដែលបានទើសភ្នែក ទើសច្រមុះបាននិយាយដោយ សូមមិនបញ្ចេញឈ្មោះថា អាជ្ញាធររាជធានី រួមទាំងស្ថាប័នពាក់ព័ន្ធមិនបានយកចិត្ដទុក ដាក់លើការថែរក្សាសោភណភាព និងថែរក្សា ហេដ្ឋារចនាសម្ព័ន្ធនៅតាមដងផ្លូវឱ្យបានល្អទេ ។ នេះក៏ជាទង្វើមួយដ៏អាក្រក់របស់ អាជីវករលក់ម៉ូតូនៅតាមផ្ទះដែរ ហេតុដូច្នេះ ហើយ ពួកគាត់សូមឱ្យ អាជ្ញាធរខណ្ឌនិង រាជធានីជួយដើរមើលផង កុំទុកឲ្យនៅបែបនេះទៀតព្រោះធ្វើឲ្យប៉ះពាល់ខ្លាំងណាស់ ។ ដូច្នេះអាជ្ញាធរសមត្ថកិច្ចគួរតែរៀបចំ សណ្តាប់ ធ្នាប់ ទុកចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើងដើរផង ។
ប្រជាពលរដ្ឋក៏សូមឱ្យអាជ្ញាធរគ្រប់ លំដាប់ថ្នាក់ ត្រូវយកប្រធានបទ ទីក្រុង ស្អាត រមណីយដ្ឋានស្អាត សេវាល្អមកប្រើ ឱ្យបានជាប់ជានិច្ច មិនមែនទឹកចូលច្រមុះហើយទើបធ្វើនោះទេ ។ នេះជាបំណងល្អពី ប្រជាពលរដ្ឋរស់នៅក្នុងរាធានីភ្នំពេញ ៕
ដោយ៖ ជ្រោយពេជ្រ