La Liga កំពុងប្រើប្រាស់អ្នកជំនាញដើម្បីស៊ើបអង្កេតការអត្ថាធិប្បាយដែល Jude Bellingham របស់ Real Madrid ត្រូវបានគេចោទប្រកាន់ថា បានធ្វើចំពោះខ្សែប្រយុទ្ធ Mason Greenwood របស់ Getafe ក្នុងអំឡុងពេលប្រកួតកាលពីថ្ងៃព្រហស្បតិ៍។
La Liga បានឲ្យដឹងថា Getafe បានដាក់ពាក្យបណ្តឹងជាផ្លូវការ ហើយនឹងធ្វើសកម្មភាពដោយផ្អែកលើភស្តុតាងរឹង។ ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីកីឡាករអន្តរជាតិអង់គ្លេស Bellingham បានប៉ះ Greenwood អំឡុងពេល Real Madrid ឈ្នះ ២–០។វីដេអូឃ្លីបនៃឧបទ្ទវហេតុនោះ បានរីករាលដាលនៅលើបណ្តាញសង្គម។ វាមិនច្បាស់ថាអ្នកណាដែល Bellingham បានធ្វើអត្ថាធិប្បាយដែលត្រូវបានចោទប្រកាន់នោះទេ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ La Liga បានប្រកាសថា “Getafe បានដាក់ពាក្យបណ្តឹងជាផ្លូវការជាមួយនាយកការប្រកួត La Liga ដែលតាមនីតិវិធីស្តង់ដារនៅក្នុងករណីបែបនេះបានស្នើសុំរបាយការណ៍ការពីអ្នកជំនាញដើម្បីស៊ើបអង្កេតបញ្ហានេះ និងធ្វើសកម្មភាពដោយផ្អែកលើ ភស្តុតាងរឹង”។
Greenwood វ័យ២២ឆ្នាំបានចូលរួមជាមួយ Getafe ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាលពី Manchester United នៅថ្ងៃទី១ខែកញ្ញា។ កាលពីខែសីហាក្លិប Manchester United បានឲ្យដឹងថា កីឡាករជម្រើសជាតិអង់គ្លេសដែលពាក់អាវតែមួយនឹងចាកចេញពីក្លិបដោយកិច្ចព្រមព្រៀងទៅវិញទៅមក បន្ទាប់ពីការស៊ើបអង្កេតផ្ទៃក្នុងរយៈពេលប្រាំមួយខែលើការប្រព្រឹត្តរបស់គាត់។វាបានកើតឡើងបន្ទាប់ពីការចោទប្រកាន់លើអ្នកលេង រួមទាំងការប៉ុនប៉ងរំលោភ និងរំលោភត្រូវបានទម្លាក់កាលពីខែកុម្ភៈ។
Greenwood ដែលកុងត្រារបស់គាត់នៅ Old Trafford ដំណើរការរហូតដល់ឆ្នាំ២០២៥ រកបាន៦គ្រាប់ក្នុងការបង្ហាញខ្លួន២១ដងនៅរដូវកាលនេះ។ ចំណែក Bellingham វ័យ២០ឆ្នាំបានចូលរួមជាមួយ Real Madrid នៅរដូវក្តៅក្នុងតម្លៃ១០៣លានអឺរ៉ូ និងរកបាន១៨ គ្រាប់ក្នុងការបង្ហាញខ្លួន២៧លើកសម្រាប់ក្រុមអធិរាជស៕ (រូបភាព ៖ BBC Sport)