ខេត្តក្រចេះ ៖ សូមស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អញ្ជើញទៅលេងកម្សាន្តនៅ រមណីយដ្ឋានឆ្នេរខ្សាច់វត្តសសរ១០០ ស្ថិតនៅឃុំសំបូរ ស្រុកសំបូរ មានចម្ងាយពីខេត្តក្រចេះ ប្រមាណ៣៦គ.ម។ នេះជាការបញ្ជាក់ពី លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ ។
លោករដ្ឋមន្ត្រីបានបន្តថា ៖ រមណីយដ្ឋានមានសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ មានរោងអង្គុយលើទឹក មានឆ្នេរខ្សាច់ អាចមុជទឹកលេងកម្សាន្ត ជាលក្ខណៈគ្រួសារ រួមគ្នាគាំទ្រវិស័យទេសចរណ៍ក្នុងខេត្តដើម្បីបង្កើនជីវភាពប្រជាពលរដ្ឋ។
ក្រុមការងារនៃមន្ទីរទេសចរណ៍ខេត្ត ចុះផ្សព្វផ្សាយ អំពីការរៀបចំគ្រប់គ្រង សន្តិសុខសុវត្ថិភាព ចរន្តភ្ញៀវទេសចរ និងពង្រឹងគុណភាពផលិតផល-សេវាកម្ម របស់ខ្លួនដើម្បីត្រៀមទទួលភ្ញៀវក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងកម្មវិធីបុណ្យផ្សេងៗ។
សូមបញ្ជាក់ថា ៖ រមណីយដ្ឋានវត្តវិហារសសរ១០០ ជារមណីយដ្ឋានវប្បធម៌-ប្រវត្តិសាស្រ្ត មានទីតាំងស្ថិតនៅក្នុង ភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ ចម្ងាយ ៣៦ គ.ម ពីទីរួមខេត្ត ភ្ញៀវទេសចរអាចធ្វើដំណើរតាមផ្លូវខេត្តលេខ៣៧៧ តាមផ្លូវចាក់កៅស៊ូ។ ស្រុកសំបូរ គឺជាអតីតរាជធានីខ្មែរ ពីសម័យចេនឡា ដែលមានឈ្មោះថា “សម្ភពបុរៈ” ។
វិហារសសរ ១០០ ត្រូវបានសាងសង់លើកដំបូងក្នុងសតវត្សទី១៦ ដោយព្រះបាទចន្ទរាជា ដោយ សង់ពីឈើដែលមានសសរចំនួន ១០០ដើម។ នៅសម័យ ប៉ុល-ពត ព្រះវិហារត្រូវបានរុះរើបំផ្លាញអស់មួយភាគធំ ហើយវិហារនេះត្រូវបានជួសជូលជាបន្ត បន្ទាប់ ព្រះវិហារត្រូវបានកសាងឡើង វិញពីឥដ្ឋ លើទីតាំងចាស់ដែលមានសសរចំនួន១២៦ដើម។
សំបូរមានលក្ខណៈពិសេសមួយលើផ្នែកព្រះពុទ្ធសាសនាគឺមានវត្តចំនួន០៤កន្លែង មានព្រះវិហារដែលមាន ព្រះពុទ្ធបដិមាបែរព្រះភក្រ្តទៅរកទិសធំៗទាំង០៤គឺ៖
•
វិហារ សសរ ១០០ : បែរព្រះភក្រ្តទៅទិសខាងជើង
•
វិហារ គោក :បែរព្រះភក្រ្តទៅទិសខាងកើត
•
វិហារ លាវ :បែរព្រះភក្រ្តទៅទិសខាងលិច
•
គោកវិហារ :បែរព្រះភក្រ្តទៅទិសខាងត្បូង(គោកវិហារសព្វថ្ងៃបែកបាក់អស់នៅសល់តែ គ្រឹះប៉ុណ្ណោះ)។
សូមជម្រាបថា ៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិម្តងៗ អ្នកស្រុកសំបូរមានប្រពៃណីប្រារព្ធធ្វើពិធីបុណ្យ ចូលឆ្នាំរយៈពេល០៩ថ្ងៃ ១វត្តធ្វើ ៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ខែមេសា រហូតដល់ ថ្ងៃទី២១ ខែមេសា រៀងរាល់ឆ្នាំ ៕