ភ្នំពេញ ៖ ក្រសួងបរិស្ថាន មានកិត្តិយសសូមជម្រាបជូនសាធារណជន បណ្តាញសារព័ត៌មានជាតិ និង អន្តរជាតិឲ្យបានជ្រាបថា ការបំពុលខ្យល់នៅកម្ពុជាមានត្រឹម ២០ ទៅ ៤០ µg/m³ តែប៉ុណ្ណោះ ដែលជា កម្រិតតូចជាងកម្រិតស្តង់ដា ៥០ µg/m³ កំណត់ដោយអង្គការសុខភាពពិភពលោក (WHO) ហើយដែល មិនចោទជាបញ្ហាគួរឲ្យព្រួយបារម្ភដូចការផ្សព្វផ្សាយរបស់មតិ និងសារព័ត៌មានមួយចំនួននោះទេ។
នាពេលបច្ចុប្បន្ននេះ ក្រសួងបរិស្ថានបាន និងកំពុងយកចិត្តទុកដាក់ចាត់វិធានការទប់ស្កាត់បញ្ហា ទាំងនេះ តាមរយៈការដាក់ចេញនូវយុទ្ធនាការផ្ទៃមេឃពណ៍ខៀវ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រម ទាំងបានអំពាវនាវឲ្យគ្រប់ដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិចូលរួមផងដែរ។ ជាមួយគ្នានេះ ក្រសួងក៏បានចាត់ វិធានការបង្ការ និងទប់ស្កាត់ភ្លើងឆេះព្រៃ ដោយរួមសហការយ៉ាងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងគ្រប់ភាគីពាក់ព័ន្ធ។
ជាលទ្ធផល រហូតមកដល់ពេលនេះ ចំនួនភ្លើងឆេះព្រៃក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ នៅព្រះ រាជាណាចក្រកម្ពុជា មានការថយចុះបើប្រៀបធៀបនឹងឆ្នាំ២០១៩ និងឆ្នាំ២០២០ និងកម្រិតការបំពុលខ្យល់ ដោយភាគល្អិតនិចល PM2.5 ក៏មានការថយចុះ និងនៅក្រោមកម្រិតស្តង់ដា។ លើសពីនេះ នៅក្នុងទិសដៅ លើកកម្ពស់ការថែរក្សាបរិស្ថានឲ្យមានភាពស្រស់ស្អាត និងផ្តល់នូវសុខុមាលភាពដល់ប្រជាពលរដ្ឋ រាជរដ្ឋា ភិបាលបានដាក់ចេញនូវវិធានការប្រើប្រាស់ប្រេងឥន្ធនៈស្តង់ដា EURO 4 និង EURO 5 ដែលបានកាត់បន្ថយ យ៉ាងច្រើននូវការសាយភាយសារធាតុបំពុលខ្យល់ចូលទៅក្នុងបរិយាកាស។
ការការពារគុណភាពខ្យល់នៅតែជាការងារអាទិភាពរបស់ក្រសួងបរិស្ថាន តាមរយៈការអនុវត្តយ៉ាង សកម្មនូវយុទ្ធនាការផ្ទៃមេឃពណ៌ខៀវ ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន២០២៣-២០២៨ និង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
ជាថ្មីម្តងទៀត ក្រសួងបរិស្ថាន សូមប្រកាសត្រៀមខ្លួនសហការជាមួយប្រទេសជាមិត្ត និងអង្គការ អន្តរជាតិទាំងអស់ ចែករំលែកបទពិសោធន៍ក្នុងការបង្ការ និងទប់ស្កាត់បញ្ហាបំពុលខ្យល់ ដើម្បីសុខុមាលភាព ប្រជាជនក្នុងតំបន់ និងនៅក្នុងពិភពលោក។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មេត្តា ជ្រាបជាព័ត៌មាន៕