សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃអង្គារទី៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បាន​មានប្រសាសន៍​សំខាន់​ៗ​ នាឱកាស​អញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គម​កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ មានដូចខាងក្រោម​៖

-សម្តេចធិបតី ហ៊ុន​ ម៉ាណែត​ ថ្លែងថា កម្ពុជា បានដោះស្រាយបញ្ហាចំទិសដៅ និងការអន្តរាគមន៍ជាច្រើន ដើម្បីដោះស្រាយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងអំឡុងពេលជួបវិបត្តិសាកលផ្ទួនៗកន្លងមក។

-សម្ដេចធិបតី​ ថ្លែង​ថា រាជរដ្ឋាភិបាលកម្ពុជា មិនឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយសារខ្វះការយកចិត្តទុកពីរដ្ឋឡើយ ហើយរាជរដ្ឋាភិបាល អាណត្តិទី៧ នៅតែបន្តផ្ដល់ជំនួយសង្គមដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ។

-សម្ដេចធិបតី​ ថ្លែង​បញ្ជាក់​ថា​ រាជរដ្ឋាភិបាលកម្ពុជា ត្រៀមកញ្ចប់ថវិកាប្រមាណ ១០០លានដុល្លារ ដើម្បីទុកជួយអន្តរាគមន៍ដល់វិស័យកសិកម្ម នៅពេលដែលប្រជាកសិករ មានបញ្ហាប្រឈមនានា។

-សម្ដេចធិបតី​ ថ្លែង​ណែនាំឱ្យក្រសួងសង្គម បន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការជួយដល់ប្រជាពលរដ្ឋក្រីក្រ យុទ្ធជន កុមារកំព្រា និងចាស់ជរា ដែលជាក្រុមជនជនងាយរងគ្រោះ តាមរយៈការផ្ដល់ជំនួយសង្គមនានាដល់ពួកគាត់។

-សម្ដេចធិបតី ថ្លែងបញ្ជាក់ថា គោលនយោបាយអន្តរាគមន៍សាច់ប្រាក់របស់ រដ្ឋាភិបាល គឺសម្រាប់តែគ្រាមានអាសន្ន និងពេលប្រឈមនឹងការលំបាកប៉ុណ្ណោះ។

-សម្ដេចធិបតី ថ្លែងថា ការជួយពលរដ្ឋ ជួយដល់ជីវភាពពលរដ្ឋ គឺជួយ ដល់លំនឹងសេដ្ឋកិច្ចជាតិ។

-សម្ដេចធិបតី​ បានណែនាំដល់ក្រសួងសង្គម សិក្សារៀបចំនូវកម្មវិធីគាំទ្រផ្នែកមុខរបរដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដើម្បីធានាដល់ជីវភាពរបស់ពួកគាត់។

-សម្ដេចធិបតី​ ថ្លែង​​ជំរុញឱ្យក្រសួងសង្គមកិច្ច បង្កើតឡើងនូវសមាគមមនុស្សចាស់ឱ្យមាននៅទូទាំងប្រទេស ប្រកបដោយនិរន្តរភាព។

-សម្តេចធិបតី ថ្លែង​ណែនាំដល់ក្រសួងសង្គមកិច្ច ឱ្យបង្កើតច្បាប់ការពារជនអនាថា។

-សម្ដេចធិបតី​ ថ្លែង​ថា មិនមានការអន្តរាគមន៍ណាមួយ​មានចរិតជាអចិន្ត្រៃយ៍ទេ។

-សម្ដេចធិបតី ថ្លែងគូសបញ្ជាក់យ៉ាងដូច្នេះថា « ចំពោះសំណួរដែលថា ចុះរដ្ឋាភិបាល មិនព្រួយបារម្ភទៅលើការជំនួយសង្គមរបស់យើង ដែលថា បង្កើតវប្បធម៌ពឹងផ្អែក មិនឲ្យមានវប្បធម៌ម្ចាស់ការ សូមពិនិត្យមើលនូវការអន្តរាគមន៍ របស់រាជរដ្ឋាភិបាលរបស់យើង គឺអត់មានអន្តរាគមន៍ណាមានចរិតជាអចិន្ត្រៃយ៍ទេ គឺអន្តរាគមន៍ភាគច្រើនគឺផ្អែកទៅលើគ្រាមានអាសន្ន និងការលំបាក»។

-សម្ដេចធិបតី​ ថ្លែង​បន្ត​ថា​ រាជរដ្ឋាភិបាល បង្កើតកម្មវិធីគាំពារ និងជំនួយសង្គម នៅពេលដែលប្រជាពលរដ្ឋជួបគ្រាអាសន្ន ឬជួបការលំបាកណាមួយ តែនៅពេលពួកគាត់មានភាពល្អប្រសើរហើយ គឺរាជរដ្ឋាភិបាល នឹងបង្វែរថវិកាទៅជួយអ្នកផ្សេងបន្តទៀត។

-សម្ដេចធិបតី ថ្លែង​បន្ថែម​ថា «យើងជួយពេលដែលគាត់លំបាក ពេលថ្ងៃក្រោយគាត់ជីវភាពធូរធា យើងត្រូវ…យើងមិនអាចជួយរហូតទេ យើងយកថវិកាទៅជួយអ្នកផ្សេងដែលលំបាក»។

បេីតាមការ​បញ្ជាក់ពី​លោក​ ជា សុមេធី រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានលើកបង្ហាញសមិទ្ធផលថ្មីៗមួយចំនួន ដែលក្រសួងសម្រេចបាន​ក្នុងឆ្នាំ​២០២៣។ ខណៈ​ក្រសួងបានរៀបចំកែសម្រួលរចនាសម្ព័ន្ធរបស់ក្រសួង ដើម្បីឱ្យស្របនឹងស្ថានភាពវិវត្តន៍​ប្រែ​ប្រួលនៃវិស័យសង្គម​កិច្ច បានរៀបចំ និងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការរួមមាន៖

...

១៖ មជ្ឈមណ្ឌលសំចតប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
២៖ មជ្ឈមណ្ឌលថែទាំ និងស្ដារនីតិសម្បទាជនវិបល្លាសស្មារតី
៣៖ មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀន គ្រឿងញៀនដោយស្ម័គ្រចិត្ត និង ផ្អែកលើសហគមន៍ «កែវ ផុស» ខេត្តព្រះសីហនុ
៤៖ មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន «កណ្តាលស្ទឹង» ខេត្ត
កណ្តាល
៥៖ មណ្ឌលថែទាំមនុស្សចាស់ បានកសាង និងគ្រោងដាក់ឱ្យដំណើរការក្នុងពេលដ៏ឆាប់ខាងមុខ ដែល​មជ្ឈមណ្ឌលនេះ នឹងក្លាយទៅជាថ្នាលសម្រាប់បណ្តុះបណ្តាលធនធានមនុស្សបម្រើឱ្យកិច្ចការ​​ថែទាំ​មនុស្សចាស់
៦៖ បាននិងកំពុងកសាងមជ្ឈមណ្ឌលជាតិជនពិការកម្ពុជា ដែលស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល៕ដោយ​៖ស​ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print