ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃអង្គារទី៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានមានប្រសាសន៍សំខាន់ៗ នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
-សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា កម្ពុជា បានដោះស្រាយបញ្ហាចំទិសដៅ និងការអន្តរាគមន៍ជាច្រើន ដើម្បីដោះស្រាយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងអំឡុងពេលជួបវិបត្តិសាកលផ្ទួនៗកន្លងមក។
-សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មិនឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយសារខ្វះការយកចិត្តទុកពីរដ្ឋឡើយ ហើយរាជរដ្ឋាភិបាល អាណត្តិទី៧ នៅតែបន្តផ្ដល់ជំនួយសង្គមដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ។
-សម្ដេចធិបតី ថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ត្រៀមកញ្ចប់ថវិកាប្រមាណ ១០០លានដុល្លារ ដើម្បីទុកជួយអន្តរាគមន៍ដល់វិស័យកសិកម្ម នៅពេលដែលប្រជាកសិករ មានបញ្ហាប្រឈមនានា។
-សម្ដេចធិបតី ថ្លែងណែនាំឱ្យក្រសួងសង្គម បន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការជួយដល់ប្រជាពលរដ្ឋក្រីក្រ យុទ្ធជន កុមារកំព្រា និងចាស់ជរា ដែលជាក្រុមជនជនងាយរងគ្រោះ តាមរយៈការផ្ដល់ជំនួយសង្គមនានាដល់ពួកគាត់។
-សម្ដេចធិបតី ថ្លែងបញ្ជាក់ថា គោលនយោបាយអន្តរាគមន៍សាច់ប្រាក់របស់ រដ្ឋាភិបាល គឺសម្រាប់តែគ្រាមានអាសន្ន និងពេលប្រឈមនឹងការលំបាកប៉ុណ្ណោះ។
-សម្ដេចធិបតី ថ្លែងថា ការជួយពលរដ្ឋ ជួយដល់ជីវភាពពលរដ្ឋ គឺជួយ ដល់លំនឹងសេដ្ឋកិច្ចជាតិ។
-សម្ដេចធិបតី បានណែនាំដល់ក្រសួងសង្គម សិក្សារៀបចំនូវកម្មវិធីគាំទ្រផ្នែកមុខរបរដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដើម្បីធានាដល់ជីវភាពរបស់ពួកគាត់។
-សម្ដេចធិបតី ថ្លែងជំរុញឱ្យក្រសួងសង្គមកិច្ច បង្កើតឡើងនូវសមាគមមនុស្សចាស់ឱ្យមាននៅទូទាំងប្រទេស ប្រកបដោយនិរន្តរភាព។
-សម្តេចធិបតី ថ្លែងណែនាំដល់ក្រសួងសង្គមកិច្ច ឱ្យបង្កើតច្បាប់ការពារជនអនាថា។
-សម្ដេចធិបតី ថ្លែងថា មិនមានការអន្តរាគមន៍ណាមួយមានចរិតជាអចិន្ត្រៃយ៍ទេ។
-សម្ដេចធិបតី ថ្លែងគូសបញ្ជាក់យ៉ាងដូច្នេះថា « ចំពោះសំណួរដែលថា ចុះរដ្ឋាភិបាល មិនព្រួយបារម្ភទៅលើការជំនួយសង្គមរបស់យើង ដែលថា បង្កើតវប្បធម៌ពឹងផ្អែក មិនឲ្យមានវប្បធម៌ម្ចាស់ការ សូមពិនិត្យមើលនូវការអន្តរាគមន៍ របស់រាជរដ្ឋាភិបាលរបស់យើង គឺអត់មានអន្តរាគមន៍ណាមានចរិតជាអចិន្ត្រៃយ៍ទេ គឺអន្តរាគមន៍ភាគច្រើនគឺផ្អែកទៅលើគ្រាមានអាសន្ន និងការលំបាក»។
-សម្ដេចធិបតី ថ្លែងបន្តថា រាជរដ្ឋាភិបាល បង្កើតកម្មវិធីគាំពារ និងជំនួយសង្គម នៅពេលដែលប្រជាពលរដ្ឋជួបគ្រាអាសន្ន ឬជួបការលំបាកណាមួយ តែនៅពេលពួកគាត់មានភាពល្អប្រសើរហើយ គឺរាជរដ្ឋាភិបាល នឹងបង្វែរថវិកាទៅជួយអ្នកផ្សេងបន្តទៀត។
-សម្ដេចធិបតី ថ្លែងបន្ថែមថា «យើងជួយពេលដែលគាត់លំបាក ពេលថ្ងៃក្រោយគាត់ជីវភាពធូរធា យើងត្រូវ…យើងមិនអាចជួយរហូតទេ យើងយកថវិកាទៅជួយអ្នកផ្សេងដែលលំបាក»។
បេីតាមការបញ្ជាក់ពីលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានលើកបង្ហាញសមិទ្ធផលថ្មីៗមួយចំនួន ដែលក្រសួងសម្រេចបានក្នុងឆ្នាំ២០២៣។ ខណៈក្រសួងបានរៀបចំកែសម្រួលរចនាសម្ព័ន្ធរបស់ក្រសួង ដើម្បីឱ្យស្របនឹងស្ថានភាពវិវត្តន៍ប្រែប្រួលនៃវិស័យសង្គមកិច្ច បានរៀបចំ និងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការរួមមាន៖
១៖ មជ្ឈមណ្ឌលសំចតប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
២៖ មជ្ឈមណ្ឌលថែទាំ និងស្ដារនីតិសម្បទាជនវិបល្លាសស្មារតី
៣៖ មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀន គ្រឿងញៀនដោយស្ម័គ្រចិត្ត និង ផ្អែកលើសហគមន៍ «កែវ ផុស» ខេត្តព្រះសីហនុ
៤៖ មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន «កណ្តាលស្ទឹង» ខេត្ត
កណ្តាល
៥៖ មណ្ឌលថែទាំមនុស្សចាស់ បានកសាង និងគ្រោងដាក់ឱ្យដំណើរការក្នុងពេលដ៏ឆាប់ខាងមុខ ដែលមជ្ឈមណ្ឌលនេះ នឹងក្លាយទៅជាថ្នាលសម្រាប់បណ្តុះបណ្តាលធនធានមនុស្សបម្រើឱ្យកិច្ចការថែទាំមនុស្សចាស់
៦៖ បាននិងកំពុងកសាងមជ្ឈមណ្ឌលជាតិជនពិការកម្ពុជា ដែលស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល៕ដោយ៖ស តារា