ក្រុមហ៊ុន LG Display Group ដែលជាសាខាផលិតអេក្រង់ទូរទស្សន៍របស់ក្រុមហ៊ុន LG Electronics កូរ៉េខាងត្បូងបានចាប់ផ្តើមសាងសង់រោងចក្ររបស់ខ្លួនក្នុងតម្លៃ ១,៥លានដុល្លារសហរដ្ឋអាមេរិកក្នុងទីក្រុង Hai Phong ប្រទេសវៀតណាម។
រោងចក្រដែលមានផ្ទៃដីជាង៤០ហិកតា នៅក្នុងឧទ្យានឧស្សាហកម្ម Trang Due នឹងចាប់ផ្តើមប្រតិបត្តិការនាឆ្នាំក្រោយនេះ។
ដោយយោងទៅតាមអនុស្សរណៈយោគយល់ដែលក្រុមហ៊ុននេះបានចុះហត្ថលេខាជាមួយនឹងគណៈកម្មាធិការប្រជាជនវៀតណាមក្នុងខេត្ត Hai Phong បានឱ្យដឹងថា រោងចក្រនេះនឹងផលិតអេក្រង់ប្រភេទ OLED។
ដោយមានប្រសាសន៍នៅក្នុងពិធីបុកគ្រឹះអគារនោះ លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីវៀតណាមបានមានប្រសាសន៍ថា គម្រោងរបស់ក្រុមហ៊ុន LD Display Group នេះនឹងបង្កើតឱ្យមានបរិវេណបច្ចេកវិទ្យាព័ត៌មាននិងអេឡិចត្រូនិកដ៏ សំខាន់មួយនៅវៀតណាម។
លោកបានបន្ថែមទៀតថា រដ្ឋាភិបាលនឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីគាំទ្រ អ្នកវិនិយោគនៅក្នុងប្រទេស។
នាពេលបច្ចុប្បន្ននេះកូរ៉េខាងត្បូងគឺជាដៃគូពាណិជ្ជកម្មដ៏ធំជាងគេបំផុតទី៣ របស់វៀតណាម។ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើង៧៥ដងដល់ចំនួន ៣៨ពាន់លានដុល្លារបើធៀបនឹងឆ្នាំ ១៩៩២។
កូរ៉េខាងត្បូងក៏ជាអ្នកវិនិយោគដ៏ធំបំផុតនៅវៀតណាមដែលមានចំនួនស្ទើរតែ ៤.៨០០គម្រោងស្មើនឹងតម្លៃប្រហែលជា ៤៥ពាន់លានដុល្លារសហរដ្ឋអាមេរិកផងដែរ៕
ដោយ៖ រ័ត្ន