ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃ១៤ ខែ កក្កដា ឆ្នាំ២០១៦ តំណាងសហគមន៍ ប្រជាពលរដ្ឋចំនួន១៩សហគមន៍នៅក្នុងខេត្តព្រះសីហនុបានប្រមូលផ្តុំគ្នា នៅខាង មុខសាលាខេត្ត ដើម្បីរកកិច្ចអន្តរាគមន៍ពីលោកអភិបាលខេត្តព្រះសីហនុសុំឲ្យជួយពន្លឿន និងរកដំណោះស្រាយជូនពួកគាត់ឲ្យបានឆាប់រហ័សលើបញ្ហាទំនាស់ដីធ្លីដែលកំពុងកើតមាននៅតាមសហគមន៍នីមួយៗ ។
ជាមួយនឹងការស្នើសុំនេះ អភិបាលខេត្ត ព្រះសីហនុលោក យន្ត មីន ក៏បានអញ្ជើញមកជួបបងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ ដើម្បីជម្រាបពីគោលការណ៍ក្នុងការដោះស្រាយ ដោយផ្តោតជាសំខាន់ទៅលើនីតិវិធីផ្លូវច្បាប់ និងបានអនុញ្ញាតឲ្យតំណាងប្រជាពលរដ្ឋមួយចំនួនចូលជួបពិភាក្សានៅក្នុងសាលាខេត្តដោយផ្ទាល់ ដើម្បីរួមគ្នារក ដំណោះស្រាយបន្តដោយសន្តិវិធី ។
នៅក្នុងចំណោមបញ្ហាទាំងឡាយលោក ឌី ឌុំ និង លោកប៉ុក ប៉ាន់ ព្រមទាំងបក្ខពួកមួយចំនួនទៀតត្រូវបានពលរដ្ឋម្ចាស់ដីស្របច្បាប់មួយកន្លែងប្តឹងទៅសាលាដំបូងខេត្ត ព្រះសីហនុ ដោយចោទពីបទគំរាមកំហែងនិងប្រើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិតនិងចោទពីបទរំលោភលើកម្មសិទ្ធឯកជន ។ បណ្តឹងនោះបានដាក់ដល់ សាលាដំបូងខេត្តព្រះសីហនុតាំងពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ។ ភាគីដើម បណ្តឹងមានអ្នក ស្រី អួង សនធីតា អាយុ ៣៨ឆ្នាំ មានទីលំនៅ ក្នុងទីក្រុងភ្មំពេញ ជាម្ចាស់កម្មសិទិ្ធដីទំហំ៨៨ហិកតា ឈ្មោះ ជា ទីរ៉ាំង ភេទប្រុស ជាអ្នកចាំដី និងឈ្មោះ ស៊ុន យ៉ាង ភេទ ប្រុស ជាអ្នកចាំដីត្រូវបានតុលាការកោះហៅឲ្យចូលខ្លួនបំភ្លឺតាមបណ្តឹង របស់ខ្លួននៅរសៀលថ្ងៃទី១៣ខែកក្កដានិងព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ ព្រមទាំង សាក្សី ជាអ្នកចាំដីផងដែរ ។
ក្នុងខ្លឹមសានៃបណ្តឹងនោះ ភាគីដើម ចោទ អ្នកស្រី អួង សនធីតា បានរៀបរាប់ថា ឈ្មោះ ឌី ឌុំ ឈ្មោះប៉ុក ប៉ាន់និងបក្ខពួក បានឃុបឃិតគ្នាជាមួយ អាជ្ញាធរដែនដី និងកម្លាំងប្រដាប់អាវុធ មួយចំនួនចូលទៅគំរាមកំហែងលើអ្នកចាំដីរបស់គាត់ដោយមានការបណ្តេញចេញមិនឲ្យរស់នៅលើដី នេះទៀតផង ។
អ្នកស្រី អួង សនធីតា ជាម្ចាស់ដីបានបន្ត ថាទង្វើរបស់ជនខាងលើបានកើតឡើង ចំនួន៣លើករួចមកហើយដែលជាហេតុ ផលធ្វើឲ្យរូបគាត់អត់ទ្រាំមិនបានទើបដាក់ ពាក្យបណ្តឹងនេះ ។ លោក ស្រី អួង សន ធីតា ម្ចាស់កម្មសិទិ្ធដី៨៨ហិកតាបានបន្តថា សំណុំ រឿងនេះកំពុងស្ថិតក្នុងសមត្ថកិច្ចរបស់ តុលាការអាជ្ញាធរខេត្តព្រះសីហនុមិនគួរលូកដៃមកកកូរកកាយនោះទេគួរតែទុក ពេលឲ្យស្ថាប័នតុលាការចាត់ការតាម ច្បាប់ចុះ ៕
ដោយ៖ ហេង សូរិយា