ខេត្តស្ទឹងត្រែង÷ បន្ទាប់ពីបញ្ចប់បេសកកម្មការងារនៅខេត្តរតនគិរីគណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងអធិការកិច្ច នៃរដ្ឋសភា (គណៈកម្មការទី១) ដឹកនាំដោយលោកសរ ចំរុង ប្រធានគណៈកម្មការ បានអញ្ជើញចុះជួបពិភាក្សាការងារជាមួយ លោក ចាន់ ម៉េងឈឿន សមាជិកក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និងលោកយឹម ផែន អភិបាលស្តីទី ខេត្តស្ទឹងត្រែង ព្រមទាំងមន្ទីរជំនាញពាក់ព័ន្ធវិស័យទទួល បន្ទុក របស់គណៈកម្មការដើម្បីស្វែងយល់ពីវឌ្ឍនភាពការងារ និងយន្តការដោះស្រាយទំនាស់ដីធ្លីរបស់ខេត្ត នៅសាលាខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០២៤នេះ។
ក្នុងជំនួបពិភាក្សាលោកយឹម ផែន ជម្រាបជូនគណ: ប្រតិភូអំពី ការដោះស្រាយបណ្តឹងរបស់ប្រជាពលរដ្ឋ ត្រូវបានអនុវត្តតាមទម្រង់ច្បាប់ គោលការណ៍ណែនាំជា ធរមាន ក្នុងនោះមានការដោះស្រាយបណ្ដឹងក្រៅប្រព័ន្ធតុលាការ និងតាម ប្រព័ន្ធតុលាការ។ បណ្ដឹងដែលរដ្ឋបាលថ្នាក់ខេត្ត និងផ្នែកមានសមត្ថកិច្ចពាក់ព័ន្ធបានដោះ ស្រាយក្រៅប្រព័ន្ធតុលាការ ភាគច្រើនមានករណីទំនាស់ដីធ្លី ទំនាស់សហព័ទ្ធ អំពើហិង្សាក្នុងគ្រួសារ និងករណីសង្គមមួយចំនួន។
ដោយឡែកបណ្ដឹងតាមប្រព័ន្ធតុលាការគឺ បទល្មើសជាក់ស្តែង ដូចដែលអង្គភាពសាលាដំបូងខេត្តបានរាយការណ៍ជូនស្រាប់។ លោកបានបន្តថា ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានដាក់ចេញនូវយុទ្ធសាស្ត្រដោះស្រាយបញ្ហាអសកម្មជាបន្ដបន្ទាប់និងបាន រៀបចំឲ្យមានប្រព័ន្ធ យន្តការទំនាក់ ទំនងដោយផ្ទាល់ពីប្រជាពលរដ្ឋ ត្រង់មករដ្ឋបាលខេត្ត ទាំងប្រព័ន្ធទូរស័ព្ទ និងការជួបពិភាក្សាផ្តល់យោបល់ដោយផ្ទាល់។ ជាក់ស្តែងមានករណីវិវាទដីធ្លីចំនួន ១៥ ករណី ដែលគណៈកម្មការដ្ឋបាលខេត្ត ក្រុង ស្រុក និងគណៈកម្មការជំនាញពាក់ព័ន្ធ ជាពិសេសមន្ទីរជំនាញ កំពុងដំណើរការនីតិវិធី ដោះស្រាយចប់ ០៤សំណុំរឿង កំពុងដំណើរការដោះស្រាយ ០៦សំណុំរឿង ក្នុងយន្តការតុលាការ ០៥សំណុំរឿង។ ជាមួយនឹងលទ្ធផលនៃការ អនុវត្តកិច្ចការរដ្ឋបាលខាងលើនេះ រដ្ឋបាលខេត្ត ក្រុង ស្រុកក៏នៅមានបញ្ហាប្រឈមមួយចំនួន ដោយកត្តាមនុស្ស ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត រួមទាំងបញ្ហាប្រឈមពីកត្តាធម្មជាតិ ដែលត្រូវរួមគ្នាដាក់ចេញនូវផែនការ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះឲ្យសម្រេចបជោគជ័យដើម្បីជាប្រយោជន៍សាធារណៈ និងប្រជាជនស្របតាមច្បាប់ បទដ្ឋានគតិយុត្តកំណត់។
លោក សរ ចំរុង ថ្លែងអំណរគុណកោតសរសើរចំពោះរដ្ឋបាលខេត្ត ដែលជានិច្ចកាលយកចិត្តទុកដាក់ក្នុងការបម្រើសេវា និងខិតខំដោះស្រាយរាល់ការលំបាកជូនប្រជាពលរដ្ឋ ដោយឈរលើគោលការណ៍ច្បាប់ និងភាពសុខដុមរមនា ។ លោកបន្តថា គណៈកម្មការក៏បានកត់សម្គាល់លើបញ្ហាប្រឈមទាំងអស់របស់ខេត្ត និងទទួលយកសំណើដែលខេត្តបានលើក ឡើង យកទៅជម្រាបជូន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីជួយធ្វើអន្តរាគមន៍ដោះស្រាយតាមនីតិវិធីរបស់ រដ្ឋសភា។
លោកប្រធានគណៈកម្មការ បានលើកឡើងពីសកម្មភាពការងារដែលគណៈកម្មកាបានចុះតាមដានអង្កេត និងស្វែងយល់អំពីការគោរពសិទ្ធិមនុស្សនៅកម្ពុជា នៅតាមក្រសួង-ស្ថាប័ន ក្នុងការអនុវត្តឱ្យបានសមស្របតាមរដ្ឋ ធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីប្រកាស ជាសកលស្តីពីសិទ្ធិមនុស្ស ព្រមទាំងរាល់លិខិតបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិនានា ដែលពាក់ព័ន្ធក្នុង វិស័យសិទ្ធិមនុស្ស។ ជាមួយនេះគណៈកម្មការបានចុះជួបជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ ដើម្បីតាមដានការ អនុវត្តច្បាប់ និងស្វែងយល់អំពីវឌ្ឍនភាពការងាររបស់អាជ្ញាធរថ្នាក់ក្រោមជាតិតាមកម្មវិធីនយោបាយថ្នាក់ជាតិ ។
គណៈកម្មការមានយន្តការសម្របសម្រួល ឬធ្វើ អន្តរាគមន៍ទៅក្រសួង ស្ថាប័ន ឬអាជ្ញាធរពាក់ព័ន្ធ នានា ដើម្បីពិនិត្យដោះស្រាយជាសមត្ថកិច្ចជូនម្ចាស់បណ្ដឹងតាមរយៈប្រធានរដ្ឋសភា។ ជាមួយនេះ គណៈកម្មការបានចូលរួមជួបពិគ្រោះយោបល់ជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្ស កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា៕