ភ្នំពេញ ៖ ដោយអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងសមត្តកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានធ្វើការឲ្យឃាត់ខ្លួន និងបញ្ជូនអគ្គនាយកក្រុមហ៊ុន ហ៊ូរទៀន ត្រេឌីង (ខេបូឌា)ឯ.ក ទៅតុលា ការ ដើម្បីសាកសួរពាក់ពន្ធសំណុំរឿង”រំលោភលើទុកចិត្តពិសេ ស”តាមពាក្យបណ្តឹងរបស់ពាណិជ្ជករជនជាតិចិនម្នាក់ ដែលជាដៃគូដាក់ទុន និងបង្កើតមុខរបររកស៊ីជាមួយគ្នា ។
ជនសង្ស័យមានឈ្មោះ ង៉ោ កុកគង់ ភេទប្រុស អាយុ៥០ ឆ្នាំ មុខរបរ អគ្គនាយក តំណាងឲ្យក្រុម ហ៊ុន ហ៊ូរទៀន ត្រេឌីង (ខេបូឌា)ឯ.ក មានទីលំនៅផ្លូវលេខ ១៣ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ សំណុំរឿងខាងលើនេះបានស្ថិតនៅលោក ប្លង់ សុផល ព្រះរាជអាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ ប៉ុន្តែនៅពេលសាកសួររហូតដល់ផុតម៉ោងការងារមន្ត្រីរាជការសម្រាក តំណាងអយ្យការបានផ្ញើជន សង្ស័យទៅសមត្តកិច្ចវិញ តែតម្រូវឲ្យនាំទៅសាកសួរបន្តនៅព្រឹកថ្ងៃបន្ទាប់ទៀត ។
ការឃាត់ខ្លួន និងបញ្ជូនអគ្គនាយក តំណាងឲ្យក្រុមខាងលើនេះ ទៅសាលាដំបូងរាជធានីភ្នំពេញនោះ ត្រូវបានមេធាវីការពារក្តីជន រងគ្រោះបង្ហើបឲ្យដឹងថា ដើមបណ្តឹងមានឈ្មោះ HUANG WENCHAO (ហ៊ង វីនឆាវ) ភេទប្រុស អាយុ៣៧ ឆ្នាំ ជាជនជាតិចិន មុខរបរ ជាពាណិជ្ជករ ស្នាក់នៅបុរីពិភពថ្មីកំបូល៣ រោង៦ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះបានចោទប្រកាន់ជនសង្ស័យពីបទ.រំលោភលើទំនុកចិត្តពិសេស ដោយអភិបាល ឬបុគ្គលផ្សេងទៀត លួច សមគំនិតរំលោភលើទំនុកចិត្ត និងគំរាមថានឹងសម្លាប់ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២៣ ។ ដើមចមក្នុងពាក្យបណ្តឹងបានបញ្ជាក់ថា នៅអំឡុងឆ្នាំ២០១៩ ឈ្មោះ ហ៊ង វីនឆាវ បានស្គាល់ឈ្មោះ ង៉ោ កុកគង់ តាមរយៈស្ត្រីម្នាក់ជាគូកន ។ រហូតដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ មានក្រុមមួយនៅប្រទេសចិន បានសហការជាមួយនិងហាងលក់បន្លែ ឈ្មោះ សានយ៉ាវ ដែលមានឈ្មោះ ចាំង ហ៊ុយជៀន ជាម្ចាស់ ហាង ដោយរៀបចំបង្កើតក្រុមហ៊ុន”ហ៊ូរទៀន ត្រេឌីង (ខេបូឌា)ឯ.ក”ខណៈពេលនោះបុគ្គលឈ្មោះ ង៉ោ កុកគង់ បានប្រាប់ភាគីចិនថា គេមានតួនាទីជាមេធាវី មានខ្សែឯកឧត្តម អភិបាលខេត្តមួយរូប ដោយបានអះអាង និងសន្យាធានាថា និងធ្វើឲ្យក្រុមហ៊ុនមួយនេះដំណើរការទៅមុខបានល្អ ។ ពេលនោះភាគីដើមបណ្តឹងនិងសហការីជាដៃគូ បានព្រមព្រៀងគ្នាឲ្យឈ្មោះ ង៉ោ កុកគង់ ហៅ វ៉ូ កុកគង់ ឈរឈ្មោះធ្វើជាអ្នកតំណាងឲ្យក្រុម ហ៊ុន”ហ៊ូរទៀន ត្រេឌីង (ខេបូឌា)ឯ.ក” ដែលគាត់ជាជនជាតិខ្មែរមានសិទ្ធិឈរឈ្មោះជានាយកក្រុមហ៊ុន ស្រមតាមច្បាប់ពាណិជ្ជ កម្មរបស់ប្រទេសកម្ពុជា បាន ។ បន្ទាប់មកទើបដៃគូភាគីចិនឯក ភាព និងឈានដល់ការបង្កើតក្រុមហ៊ុន”ហ៊ូរទៀន ត្រេឌីង (ខេបូឌា)ឯ.ក”ដោយឲ្យឈ្មោះ ង៉ោ កុកគង់ ជនជាតិខ្មែរ ឈរឈ្មោះជាអគ្គនាយកក្រុមហ៊ុន មើលថែរក្សា និងគ្រប់គ្រងក្រុមហ៊ុនរួមទាំងអតិថិជន(ជាម៉ូយបន្លែ)ចំនួន៨០ម៉ូយនៅក្នុងរាជធានីភ្នំពេញ នេះទៀតផង ។
ក្រោយពេលបង្កើតក្រុមហ៊ុនរួចមក ជនសង្ស័យបានប្រតិបត្តិការក្នុងនាមជាអ្នកតំណាងក្រុមហ៊ុន ដោយមានឃ្លាំងមួយកន្លែងស្ថិតនៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ជាទីតាំងស្តុក និងបញ្ចេញទំនិញ រហូតដល់សព្វថ្ងៃនេះ ។ អស់រយះពេលជិត៤ឆ្នាំកន្លងមកជនសង្ស័យ បានផ្តល់តែតួលេខចំណូលចំណាយ តាមរយៈឯកសារឲ្យភាគីចិនបានដឹងតែប៉ុណ្ណោះទេ រីឯសាច់ប្រាក់មិនដែលបានឲ្យដល់ក្រុមហ៊ុនសូម្បីមួយដុល្លារសោះឡើយ ។ លុះដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ដើមបណ្តឹងនិងដៃគូភាគហ៊ុន បានចូលរួមប្រជុំនៅទីតាំងឃ្លាំងជួល ដោយមានឈ្មោះ ង៉ោ កុកគង់ និងស្ត្រីម្នាក់ជាបក្សពួក បានសម្រេចប្រគល់ប្រាក់ឲ្យភាគីហ៊ុនចិន១លានដុល្លារអាមេរិក ដើម្បីឲ្យដើរចេញពីក្រុមហ៊ុន តែភាគីចិនមិនទាន់ឯកភាពតាមសំណើរនោះទេ ។ រហូតដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ជនសង្ស័យ និងគូកនម្នាក់នោះ បានជួបប្រជុំក្រុមហ៊ុនម្តងទៀត ហើយលើកនេះជនសង្ស័យបានគំរាមឲ្យភាគីចិនដើរចេញ ដោយមិននិយាយរឿងផ្តល់ប្រាក់ឲ្យទេ ថែមទាំងគំរាម”បើចង់ខ្លាំងគេចាប់ដាក់គុក និងសម្លាប់ចោលទៀតផង” ។ ពាក្យបណ្តឹងបញ្ជាក់ទៀតថា ដោយ មានការភ័យខ្លាចនិងការគំរាមសម្លាប់យ៉ាងដូច្នោះ ជនរងគ្រោះបានសម្រេចចិត្តដាក់ពាក្យបណ្តឹង ទៅស្ថាប័នអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ ឲ្យសមត្តកិច្ចចាត់ការលើជនសង្ស័យឈ្មោះ ង៉ោ កុកគង់ អគ្គនាយក តំណាងក្រុមហ៊ុន”ហ៊ូរទៀន ត្រេឌីង (ខេបូឌា)ឯ.កទៅតាមផ្លូវច្បាប់ ដើម្បីរកយុត្តិធម៍ជូនជនបរទេស ដែលបានមកដាក់ទុនរកស៊ីនៅក្នុងប្រទេសកម្ពុជា កុំឲ្យមានការរំលោភ បំពាន ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំប្រទេសជាតិ ៕ដោយ រ៉ារ៉ា