បាងកក÷ នាព្រឹកថ្ងៃទី៨ ខែកុម្ភៈឆ្នាំ២០២៤ នាយឧត្តម សេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុ ប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូកម្ពុជាចូលជួបជាមួយ សមាគមអតីតយុទ្ធជនសង្រ្គាមថៃ ទ្វេភាគីនិងរិតចំណងសាមគ្គីភាពនៃប្រទេសទាំងពីរ។
ក្នុងជំនួបនោះ នាយឧត្តមសេនីយ៍ ដេតនីទីត ល្លួងងាំកុម ( Detnitit Luangngamkum ) អគ្គនាយក សមាគមអតីតយុទ្ធជនសង្រ្គាមថៃ បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ទេសរដ្ឋមន្ត្រី និង គណៈប្រតិភូនាពេលនេះ។ បន្ថែមពីនេះអគ្គនាយក អតីតយុទ្ធជនសង្រ្គាមថៃ បានសម្តែងនូវក្តីរីករាយ និងគាំទ្រចំពោះគំនិតផ្តួចផ្តើមក្នុងការបង្កើតនូវអនុស្សារណៈយោគយល់គ្នារវាងសមាគមអតីតយុទ្ធជនកម្ពុជា និង សមាគមអតីតយុទ្ធជនសង្រ្គាមថៃ ។
ជាការឆ្លើយតបលោមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ នាយឧត្តមសេនីយ៍ ដេតនីទីត ល្លួងងាំកុម ( Detnitit Luangngamkum )អគ្គនាយក សមាគម អតីតយុទ្ធជនសង្រ្គាមថៃ និងបានសម្តែងនូវក្តីរីករាយចំពោះវឌ្ឍនភាពរីកចម្រើនគួរឱ្យកត់សម្គាល់ នៃទំនាក់ទំងរវាងប្រទេសទាំងពីរ ដែលប្រមុខរាជរដ្ឋាភិបាលទាំងពីរ បានឯកភាពដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីពី 《ភាព ជាដៃគូរដើម្បីសន្តិភាព និងវិបុលភាព》 ទៅជា《 ភាព ជាដៃគូរយុទ្ធសាស្រ្ត》 ។
លោកទេសរដ្ឋមន្ត្រី បានឱ្យដឹងថា គោលបំណងនៃការបង្កើត អនុស្សារណៈយោគយល់គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ ជាពិសេសបញ្ជាក់ពីការប្តេជ្ញាចិត្តលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យឈានដល់កម្រិតថ្មីមួយ សម្រាប់ជាគុណប្រយោជន៍ដល់អតីតយុទ្ធជនទាំងពីរប្រទេស កម្ពុជា ថៃ និយាយដោយឡែក និងក្របខ័ណ្ឌសហព័ន្ធអតីតយុទ្ធជនអាស៊ាននិយាយជារួម ក្នុងការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ។
ទន្ទឹមជាមួយគ្នានេះដែរ,លោកទេសរដ្ឋមន្ត្រី ក៏បានលើក ឡើងបន្ថែមថា អតីតយុទ្ធជនកម្ពុជា ក្រោមការយកចិត្តទុកដាក់ពីសំណាក់ សម្តេចតេជោ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចបវធិបតីនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ និងដោះស្រាយលើបញ្ហាជាឤទិភាពសំខាន់ៗរបស់ជាតិ ជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់ ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជាលើគ្រប់វិស័យ រួមទាំងការអនុវត្តគោលនយោបាយជាតិស្តីពីអតីតយុទ្ធជន តាមរយៈការខិតខំប្រឹងប្រែងបង្កើនសកម្មភាពនានា លើវិស័យអតីតយុទ្ធជន សំដៅធានាដល់ការលើកកម្ពស់កិត្តិយសឱ្យសក្តិសមនឹងគុណបំណាច់ លើកស្ទួយកម្រិតជីវភាពរស់នៅរបស់បងប្អូន អតីតយុទ្ធជន ជាមួយក្រុមគ្រួសារ រួមមាន ការផ្តល់សេវាថែទាំអតីតយុទ្ធជន ការគាំពារសុខភាពនិងការឧបត្ថម្ភសម្ភារចាំបាច់ទាំងឡាយ ការជួយបណ្តុះបណ្តាលវិជ្ជាជីវៈ ការដោះស្រាយការងារ មុខរបរ ការផ្តល់សម្បទានដីសង្គមកិច្ច ការជួយសាងសង់លំនៅឋាន ដើម្បីឱ្យពួកគេមានធនធានដីធ្លី មានលំនៅឋាន និងឤចប្រកបមុខរបរ ផ្សេងៗសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារឱ្យកាន់តែល្អប្រសើរ ៕