លោកអភិសន្តិបណ្ឌិត ស សុខា អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវប្រព័ន្ធទូទាត់វិក្កយបត្រ និងកម្មវិធីព័ត៌មានវិទ្យា សម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ នៅអង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត

ចែករំលែក៖

ភ្នំពេញ៖​ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) និងការដាក់ឱ្យអនុវត្តសាកល្បងកម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំសេវា និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត នាទីស្តីការក្រសួងមហាផ្ទៃ។ ក្នុងពិធីនេះដែរ​ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធនានា អភិបាលរាជធានី ខេត្ត នាយករដ្ឋបាល នាយកទីចាត់ការហិរញ្ញវត្ថុនិង ប្រធានអង្គភាពច្រកចេញចូលតែមួយទាំង២៥រាជធានី ខេត្ត ព្រមទាំងអង្គការក្រៅរដ្ឋាភិបាល ក្រុមហ៊ុន និងធនាគារដៃគូ សរុបចំនួនជាង២២០រូប។

នាឱកាសនោះ​ លោក សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល បានថ្លែងរបាយការណ៍ស្តីពីដំណើរការនៃការរៀបចំកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្ដល់សេវានៅក្នុងអង្គភាព ច្រកចេញចូលតែមួយ ការរៀបចំប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) និងការអនុវត្តសាកល្បងកម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ នៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត។

លោកបានបញ្ជាក់ថា អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត ត្រូវបានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ក្រោមអធិបតីភាពរបស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

លោកអគ្គនាយកបន្ថែមថា ក្នុងឱកាសនោះផងដែរ សម្តេចក្រឡាហោម ស ខេង ក៏បានណែនាំឱ្យអគ្គនាយកដ្ឋានរដ្ឋបាល សិក្សា និងរៀបចំឱ្យមានកម្មវិធីសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅអង្គភាពច្រកចេញចូលតែមួយ តាមប្រព័ន្ធឌីជីថល ក្នុងគោលបំណងផ្ដល់ភាពងាយស្រួលដល់ការគ្រប់គ្រងចរន្តឯកសារស្នើសុំសេវា និងទិន្នន័យផ្តល់សេវារបស់អង្គភាពច្រកចេញចូលតែមួយ ស្របនឹងបរិបទនៃការរីកចំរើនបច្ចេកវិទ្យាព័ត៌មានវិទ្យា ។

ឈរលើមូលដ្ឋាននេះ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានសិក្សាបច្ចេកទេស និងបង្កើតឡើងនូវកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅក្នុងអង្គភាពច្រកចេញចូលតែមួយ ដែលមានលក្ខណៈទំនើប សម្រាប់គ្រប់គ្រងទិន្នន័យតាមប្រព័ន្ធអនឡាញ នៅឆ្នាំ២០២០ ព្រមទាំងសហការជាមួយក្រុមហ៊ុនKESS INOVATIONS PLC ដើម្បីបង្កើត និងដាក់ឲ្យដំណើរការប្រព័ន្ធ ទូទាត់វិក្កយបត្រឲ ជាជំហានៗ តាំងពីឆ្នាំ២០២១ និងការដាក់អនុវត្តសាកល្បងកម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ក្នុងខែមិថុនា ឆ្នាំ២០២៣។

លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ការដាក់ឱ្យអនុវត្តជាផ្លូវការនូវប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) និងការដាក់ឲ្យអនុវត្តសាកល្បងកម្មវិធី ព័ត៌មានវិទ្យាសម្រាប់ ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត នៅពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀតនៅក្នុងការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល ក្នុងការបន្តពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ជាពិសេសការផ្តល់សេវារដ្ឋបាល តាមរយៈប្រព័ន្ធឌីជីថល ដើម្បីជំរុញប្រសិទ្ធិភាពនិងផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋក្នុងការស្នើសុំសេវា រដ្ឋបាលឲ្យបានកាន់តែឆាប់រហ័ស មានតម្លាភាព និងគុណភាពខ្ពស់ ស្របតាមគោលការណ៍ ស្តង់ដា បែបបទ និងនីតិវិធីនៃការផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយ។

លោកអភិសន្តិបណ្ឌិត បន្ថែមថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្តេជ្ញាចិត្តខ្ពស់ផ្នែកនយោបាយយ៉ាងមុតមាំ ក្នុងការបន្តជំរុញកិច្ចដំណើរការ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឱ្យមានការវិវត្តទៅមុខ ដោយផ្តោតជាសំខាន់លើការជំរុញការអនុវត្តមុខងារ និងធនធាន ដែលបានផ្ទេរទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ឲ្យមានប្រសិទ្ធភាព និងគុណភាពខ្ពស់ ដើម្បីឆ្លើយតបសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រងការងាររដ្ឋបាល និងការផ្ដល់សេវាជូនប្រជាពលរដ្ឋ។

...

លោកបញ្ជាក់ថា ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ បានកំណត់យកអាទិភាពគន្លឹះ ចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥នេះ បច្ចេកវិទ្យាឌីជីថល គឺជាអាទិភាពគន្លឹះថ្មីមួយនៅក្នុងបញ្ចកោណទី៥របស់រាជរដ្ឋាភិបាល។ ការរៀបចំប្រព័ន្ធទូទាត់វិក្កយបត្រ និងអនុវត្តកម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត ដែលយើងកំពុងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅពេលនេះ គឺជាការចូលរួមចំណែកជាជំហានៗក្នុងការអនុវត្តបញ្ចកោណទី៥របស់រាជរដ្ឋាភិបាល បច្ចេកវិទ្យាឌីជីថល គឺជាអាទិភាពគន្លឹះថ្មីមួយនៅក្នុងបញ្ចកោណទី៥របស់រាជរដ្ឋាភិបាល ដែលផ្ដោតជាសំខាន់លើការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print