សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញ ចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ

ចែករំលែក៖

ភ្នំពេញ : សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ និងប្រកាសដាក់ឱ្យអនុវត្ត “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨” ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុវត្តនូវការងារចំពោះមុខ ក្នុងឆ្នាំ២០២៣ ចំនួន៦ចំណុច និងការងារអាទិភាពក្នុងរយៈពេល២ឆ្នាំខាងមុខ ចំនួន៤ចំណុចទៀត សំដៅបង្កើនប្រាក់ចំណូល ការធានាលក្ខខណ្ឌការងារល្អប្រសើរ ការពង្រឹងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវ: កិច្ចគាំពារសង្គម និងជំនាញវិជ្ជាជីវ: ជូនបងប្អូនកម្មករនិយោជិត រួមនឹងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងប្រែក្លាយ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ។ ជាមួយនឹងការប្រកាសដាក់ឱ្យអនុវត្ត “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨” ដែលជាផែនទីចង្អុលផ្លូវជូនដល់អង្គភាពពាក់ព័ន្ធក្រោមឱវាទរបស់ខ្លួនអនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់តាមតួនាទី និងភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូន។ ផែនការយុទ្ធសាស្ត្រនេះ ជាឯកសារគោល និងជាត្រីវិស័យចង្អុលបង្ហាញនូវយុទ្ធសាស្ត្រគន្លឹះ កម្មវិធីអាទិភាព ចង្កោមសកម្មភាព និងសកម្មភាពការងារ ដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងអង្គភាព គ្រឹះស្ថានក្រោមឱវាទ និងគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្ត និងសម្រេចឱ្យបានសម្រាប់រយៈពេល ៥ឆ្នាំ ខាងមុខ។ ឯកសារនេះ ត្រូវបានរៀបចំឡើងឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១, ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨, ក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០, ឯកសារអនុលោមភាពជាមួយស្តង់ដាអន្តរជាតិ, គោលនយោបាយជាតិ និងគោលនយោបាយពាក់ព័ន្ធតាមវិស័យនានា។ ការសម្រេចបាននូវផែនការយុទ្ធសាស្ត្រខាងលើនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រទាំង៥ “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” របស់រាជរដ្ឋាភិបាល ពិសេស ការបង្កើនការងារឱ្យកាន់តែច្រើន ទាំងបរិមាណ និងគុណភាពជូនប្រជាជនកម្ពុជា ដោយបន្តកាត់បន្ថយភាពក្រីក្រក្នុងអត្រាទាបជាង ១០% ព្រមទាំងទម្លាក់អត្រានៃភាពក្រីក្រឱ្យស្ថិតនៅក្នុងកម្រិតអប្បបរមា ដែលនឹងចូលរួមក្នុងការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print