សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា កម្ពុជាបានទាក់ទាញអ្នកវិនិយោគចំនួន ១៧២គម្រោង គិតជាទុនវិនិយោគ ៣,៨៦ពាន់លានដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ចាប់តាំងពីកាន់តំណែងជានាយករដ្ឋមន្ត្រីពីខែសីហា ឆ្នាំ២០២៣ ដល់ខែមករា ឆ្នាំ២០២៤ នេះមក កម្ពុជាបានទាក់ទាញអ្នកវិនិយោគចំនួន ១៧២គម្រោង គិតជាទុនវិនិយោគ ៣,៨៦ពាន់លានដុល្លារ។

បើតាមសម្តេចធិបតី ក្នុងគម្រោងវិនិយោគទុននៅកម្ពុជាទាំង ១៧២គម្រោងដែលជាគម្រោងវិនិយោគក្នុងស្រុកផង និងក្រៅស្រុកផងប្រមាណចំនួន ១០ប្រទេសនេះ នឹងអាចបង្កើតឱកាសការងារដល់ពលរដ្ឋកម្ពុជាជាង ១៩ម៉ឺនកន្លែង។

សម្តេចធិបតី បញ្ជាក់ថា ក្នុងខែមករាឆ្នាំ២០២៤នេះ មានគម្រោងវិនិយោគចំនួន៣២គម្រោង គិតជាទុនវិនិយោគជិត ២០០លានដុល្លារ។

សម្តេចធិបតី គូសបញ្ជាក់បែបនេះនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ” និងប្រកាសដាក់ឱ្យអនុវត្ត «ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម» នារសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤។

ចំពោះបញ្ហាជំនាញដល់យុវជន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបញ្ជាក់ថា៖ ចាប់តាំងពីចាប់ផ្ដើមបើកវគ្គបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈដំបូង មកទល់នឹងខែកុម្ភៈ ឆ្នាំ២០២៤ នេះ មានយុវជន និងពលរដ្ឋនានាចូលរៀនជំនាញវិជ្ជាជីវៈបានជាង ២៧០០០នាក់។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការចូលរួមពីវិស័យឯកជនបានដើរតួនាទី យ៉ាងសំខាន់ក្នុងការបង្កើតការងារជូនដល់បងប្អូនប្រជាពលរដ្ឋ ខណៈរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាទាំងបច្ចុប្បន្ន និងអនាគតបានកំពុងបន្តផ្តល់អាទិភាពខ្ពស់ចំពោះការអភិវិឌ្ឍវិស័យការងារ និងសន្តិសុខសង្គម ពោលគឺ«ប្រជាជនម្នាក់គឺមានអាជីពមួយ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ទៅប្រទេសថៃ គឺមានកិច្ចការងារជាច្រើនដែលបានពិភាក្សាគ្នាជាមួយនាយករដ្ឋមន្រ្តីថៃ ដោយក្នុងនោះមានបីចំណុចដែលសំខាន់ដូចជា ៖១វិស័យការទូតសន្តិសុខ, ២វិស័យសេដ្ឋកិច្ច និងទី៣គឺការងារពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print