សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាល បានកំពុងខិតខំទាក់ទាញឣ្នកវិនិយោគ ដើម្បីបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ចាប់តាំងពីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ចាប់ខែសីហា ឆ្នាំ២០២៣ មកដល់ខែមករា ឆ្នាំ២០២៤ នេះមក គឺកម្ពុជាបានទាក់ទាញអ្នកវិនិយោគចំនួន ១៧២គម្រោង គិតជាទុនវិនិយោគ ៣,៨៦ពាន់លានដុល្លារ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូចនេះ នៅរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្នុងពិធីអញ្ជើញជាអធិបតី «បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨»។

សម្តេចធិបតី បានថ្លែងបន្តថា នៅក្នុងគម្រោងវិនិយោគទុននៅកម្ពុជាទាំង ១៧២គម្រោង ជាគម្រោងវិនិយោគក្នុងស្រុក និងក្រៅស្រុក មានប្រមាណចំនួន ១០ប្រទេសនេះ ដែលអាចបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជាជាង ១៩ម៉ឺនកន្លែង។ សម្តេចធិបតី បានថ្លែងបញ្ជាក់ថា នៅក្នុងខែមករាឆ្នាំ២០២៤នេះ មានគម្រោងវិនិយោគចំនួន ៣២គម្រោង គិតជាទុនវិនិយោគជិត ២០០លានដុល្លារ។

ក្រសួងការងារនឹងអនុវត្តឱ្យបានត្រឹមត្រូវនូវកិច្ចទី១ បន្តអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់នូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ទាំង ១០ចំណុច របស់ សម្តេចតេជោ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ទាំង ១០ចំណុច របស់សម្តេចធិបតី។ ទី២-ពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ច្បាប់ស្តីពីរបបសន្តិសុខសង្គម និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ ៣-បន្តជម្រុញនិងលើកទឹកចិត្តឱ្យសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ មានសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ។
លោកបន្ថែមថាទី៤ ក្រសួងនឹងបន្តការយកចិត្តទុកដាក់លើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់សហគ្រិន និងកម្មករនិយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីទទួលបាននូវការការពារសិទ្ធិ ជំនាញវិជ្ជាជីវៈ និងកិច្ចគាំពារសង្គម។ ៥-បន្តពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសនានា ដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ សង្គមស៊ីវិល និងអង្គការវិជ្ជាជីវ: ទាំងកម្រិតទ្វេភាគី ពហុភាគី ក្នុងក្របខណ្ឌតំបន់ និងពិភពលោក ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោកបានគូសបញ្ជាក់ថាទី៦ ក្រសួងនឹងបន្តពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន និងដៃគូអភិវឌ្ឍន៍នានា ដើម្បីចូលរួមគាំទ្រដល់ការបង្កើនសមត្ថភាពជំនាញ (Upskilling) និងបណ្តុះបណ្តាលជំនាញឡើងវិញ (Reskilling)។ ទី៧-ពង្រឹង និងពង្រីកវិសាលភាពក្នុងការផ្ដល់សេវាការងារសាធារណៈ និងព័ត៌មានទីផ្សារការងារ ព្រមទាំងការផ្ដល់ប្រឹក្សាយោបល់ការងារអាជីព។
និងទី៨-លុបបំបាត់ការប្រើប្រាស់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ តាមរយៈការអប់រំផ្សព្វផ្សាយ និងការបង្ការទប់ស្កាត់ និងការអនុវត្តនូវវិធានការច្បាប់ម៉ឺងមាត់បំផុត។ ទី៩-បន្តពង្រឹងការគ្រប់គ្រងទេសន្តរប្រវេសន៍ការងារប្រកបដោយសុវត្ថិភាព គុណភាព និងប្រសិទ្ធភាព ដែលធ្វើឱ្យភាគីទាំង៥ សប្បាយចិត្ត។
លោកបានគូសបញ្ជាក់ថា ទី១០ គឺការបន្តចូលរួមអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ វិមជ្ឈការ និងវិសហមជ្ឈការ និងការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការដើម្បីបង្កើនប្រសិទ្ធភាពការងារ, កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងគោលនយោបាយពាក់ព័ន្ធ និងការធ្វើបរិវត្តកម្មឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាពសេវាសាធារណៈដើម្បីឆ្លើយតបនឹងសំណូមពររបស់វិស័យឯកជន, អភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ និងកសាងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print