សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ សហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចដែលបានចុះបញ្ជី មានការកើនឡើងយ៉ាងខ្លាំង

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា សហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកើនឡើងដល់ចំនួន ៤៩,០៧៥ និងមានកម្មករ និយោជិត ចំនួន ១,៧០០,០០០នាក់ ដោយបានប្រាក់ឈ្នួលសរុប ជាមធ្យមជាង ៥,១៨ ប៊ីលាន ដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨»។

នាឱកាសនោះដែរ សម្តេចធិបតីបានថ្លែងបន្តថា ការកើនឡើងនូវតួលេខខាងលើ គឺមិនទាន់គិតពីកម្មករនិយោជិតខាងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបងប្អូនខ្មែរធ្វើការនៅក្រៅប្រទេសផងទេ។ លើសពីនេះក្រសួងនានា បានខិតខំចូលរួមឣនុវត្តប្រកបដោយជោគជ័យនូវឣនុសាសន៍គន្លឹះទាំង១០ចំណុចរបស់សម្តេចតេជោ ឣតីតនាយករដ្ឋមន្ត្រី និងឣនុសាសន៍ទាំង១០ របស់សម្តេចធិបតីដែលបានដាក់ចេញកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ។ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហើបពីបំណងរបស់សម្ដេចដែលចង់ឲ្យកម្ពុជាមានឯករាជ្យថាមពលដោយខ្លួនឯង។ សម្ដេចថារាជរដ្ឋាភិបាលកម្ពុជានិងធ្វើការជាមួយនឹងប្រទេសថៃក្នុងការទាញយកប្រយោជន៍ប្រេងកាលពីតំបន់ត្រួតស៊ីគ្នានៅក្នុងឈូងសមុទ្រថៃ។

សម្ដេចធិបតីបានថ្លែងថា ៖ សម្ដេចចង់ឲ្យកម្ពុជាមានម្ចាស់ការលើខ្លួនឯងតាមរយៈការកាត់បន្ថយសមត្ថភាព និងការពឹងផ្អែកលើអ្វីដែលនៅឆ្ងាយពីខ្លួន ជាពិសេសទាក់ទងទៅនឹងវិស័យថាមពល។
សម្ដេចបន្ថែមថា៖ «ការទាញយកថាមពលនិងការទាញយកផលប្រយោជន៍រួមគ្នានៃថាមពលគឺផ្ដល់ឱ្យនៅកម្ពុជានិងថៃនូវប្រភពមួយដែលអាចដកដង្ហើមតាមច្រមុះខ្លួនឯងនៅថ្ងៃអនាគត»។
សម្ដេចបានឆ្លើយតបទៅអ្នកនយោបាយវ័យចំណាស់ម្នាក់ដែលសម្ដេចថាដូចជាស្ទើភ្លើងក្នុងការធ្វើនយោបាយដែលមិនអាចបែងចែកដាច់ពីអធិបតេយ្យភាពដែនដី និងធនធានធម្មជាតិក្នុងតំបន់រួមគ្នា។
សម្ដេចថា៖ «ត្រកូលហ៊ុនមិនមានបំណងណាមួយចង់ទៅជាជនក្បត់ជាតិទេ ហើយគ្មានការធ្វើអីមួយឲ្យខុសពីផលប្រយោជន៍របស់ជាតិទេ»៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print