ភ្នំពេញ ៖ ក្នុងឱកាស «ទិវាវិទ្យុពិភពលោក» យើងត្រូវត្រៀមខ្លួនទទួលយកការប្រែប្រួល នៃការផ្សាយរបស់វិទ្យុតាមហ្វ្រេកង់ ទៅជាការផ្សាយវិទ្យុតាមអុីនធឺណិត ក្នុងទម្រង់ Multimedia ដែលមានរួមបញ្ចូលនូវ សំឡេង រូបភាព អត្ថបទ និងវីដេអូ ។ នេះជាការលើកឡើងពី លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ទីស្តីគណៈរដ្ឋមន្ត្រី និងជា ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ លើផេកផ្លូវការរបស់លោក។
លោករដ្ឋលេខាធិការ លោក ហ៊ុយ វណ្ណៈ បានថ្លែងថា ៖ ក្នុងឱកាស «ទិវាវិទ្យុពិភពលោក» អ្នកសារព័ត៌មាន សួរខ្ញុំតើមានយោបល់ និងការយល់ឃើញយ៉ាងណា? ខ្ញុំយល់ឃើញដូចតទៅ៖ «យើងត្រូវត្រៀមខ្លួនទទួលយកការប្រែប្រួល នៃការផ្សាយរបស់វិទ្យុតាមហ្វ្រេកង់ ទៅជាការផ្សាយវិទ្យុតាមអុីនធឺណិត ក្នុងទម្រង់ Multimedia ដែលមានរួមបញ្ចូលនូវ សំឡេង រូបភាព អត្ថបទ និងវីដេអូ។ ការវិវត្តន៍នេះឥតឈប់ឈរទេ ហើយវានឹងវិវត្តន៍រហូតដល់ការផ្សាយតាមបែបប្រពៃណី អាចនឹងត្រូវបាត់បង់ ដូចអង្គភាពកាសែតបោះពុម្ពមួយចំនួនដែលបានទៅមុន ហើយនឹងជំនួសមកវិញដោយការផ្សាយបែបឌីជីថលទំនើប»។
ដោយឡែក លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូង របស់គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីគ្រប់គ្រងសណ្តាប់ធ្នាប់ព័ត៌មាន និងសន្តិសុខព័ត៌មាន។
កិច្ចប្រជុំលើកដំបូងស្តីពីការកំណត់របៀបរបបការងាររបស់គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីគ្រប់គ្រងសណ្តាប់ធ្នាប់ព័ត៌មាន និងសន្តិសុខព័ត៌មាន បានធ្វើឡើងនៅរសៀលថ្ងៃទី១២ ខែកម្ភ: ឆ្នាំ២០២៤ ម្សិលមុិញ នាសាលប្រជុំ ចតុម្មុខមង្គល ក្រោមអធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។
គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយជាយន្តការផ្ទៃក្នុងរបស់ក្រសួងព័ត៌មាន ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានរដ្ឋមន្រ្តីក្រសួងព័ត៌មាន ជាប្រធាន ដើម្បីគ្រប់គ្រងសណ្តាប់ធ្នាប់ព័ត៌មាន និងសន្តិសុខព័ត៌មាន។ សមាសភាពគណៈកម្មការនេះ រួមមាន៖ លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកទាំង ៥ អស់លោក លោកស្រី ជាអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានមន្ទីរព័ត៌មាន មន្ត្រីជំនាញ រួមទាំងទីប្រឹក្សាក្រសួងព័ត៌មាន ជាច្រើនរូប។ គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយមានភារកិច្ច ត្រួតពិនិត្យការផ្សាយ និងតម្រង់ទិសជាយុទ្ធសាស្ត្រលើការប្រឆាំង ទប់ស្កាត់ និងលុបបំបាត់ ព័ត៌មានក្លែងក្លាយ តាមគ្រប់មធ្យោបាយផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនងសង្គមនៅព្រះរាជាណាចក្រកម្ពុជា ៕