ក្លិប Aston Villa បានបញ្ជាក់ថា ខ្សែបម្រើ Boubacar Kamara បានរងរបួសសរសៃចងជង្គង់យ៉ាងសំខាន់។ Kamara វ័យ២៤ឆ្នាំបានព្យាបាលរបួសនៅក្នុងតង់ទីពីរនៃការចាញ់ក្រោមថ្វីជើង Manchester United ២ទល់១ កាលពីថ្ងៃអាទិត្យ ហើយបានធ្វើការស្កេនកាលពីថ្ងៃចន្ទ។
ក្លិប Aston Villa បានបញ្ជាក់ថា Kamara នឹងមានការពិគ្រោះយោបល់បន្ថែមជាមួយអ្នកឯកទេសជង្គង់ដើម្បីកំណត់ពីភាពធ្ងន់ធ្ងរនៃរបួស និងរយៈពេលនៃការបញ្ឈប់។
កីឡាករជម្រើសជាតិបារាំងរូបនេះបានបង្ហាញខ្លួន៣០ប្រកួតឱ្យ Aston Villa នៅរដូវកាលនេះ។ គាត់បានស៊ុតបញ្ចូលទីបានមួយគ្រាប់ក្នុង EFL Cup និងបានបញ្ជូនបាល់ឱ្យមិត្តរួមក្រុមក្នុងក្របខ័ណ្ឌ Premier League ។
Aston Villa គឺគ្មានខ្សែបម្រើអាហ្សង់ទីន Emi Buendia និងខ្សែការពារកណ្តាលអង់គ្លេស Tyrone Mings ដោយសាររបួសជង្គង់រយៈពេលវែង ខណៈខ្សែការពារ Ezri Konsa បច្ចុប្បន្នក៏អវត្តមានដោយសារបញ្ហាជង្គង់រយៈពេលខ្លីផងដែរ។
ទន្ទឹមនឹងនេះដែរ ខ្សែបម្រើស្លាបសញ្ជាតិហ្សាម៉ាអ៊ីក Leon Bailey បានចុះកិច្ចសន្យាថ្មីនៅ Villa Park ដោយបន្តការស្នាក់នៅរបស់កីឡាករវ័យ២៦ឆ្នាំលើសពីខែមិថុនា ឆ្នាំ២០២៥ នៅពេលដែលកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ត្រូវផុតកំណត់។
គួរបញ្ជាក់ថា ខ្សែបម្រើ Bailey បានចូលរួមជាមួយ Aston Villa ក្នុងឆ្នាំ២០២១ពីក្លិបអាល្លឺម៉ង់ Bayer Leverkusen បានស៊ុតបញ្ចូលទីបាន១០គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន៩ដងក្នុង៣៣ប្រកួតនៅរដូវកាលនេះ៕ (រូបភាព ៖ BBC Sport)