លើកគ្នាទៅវាយសិស្សវិទ្យាល័យថ្នល់ទទឹងបណ្តាលឲ្យរងរបួសត្រូវសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្តាល៖ យុវជន២នាក់ក្នុងចំណោមបក្ខពួកជាច្រើននាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលចាប់ខ្លួន ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់សាលាដំបូងខេត្តកណ្តាល បន្ទាប់ពីយុវជនខាងលើនេះនិងបក្ខពួកបានធ្វើសកម្មភាពលើកគ្នាចូលទៅវាយសិស្សសាលា នៃវិទ្យាល័យថ្នល់ទទឹង ។

...

យុវជន២នាក់នេះត្រូវបានចាប់ខ្លួន កាលពីវេលាម៉ោង១០ និង១០នាទីព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវលំ ស្ថិតក្នុងភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ពីបទ “ហិង្សាដោយចេតនា មានស្ថានទម្ងន់” ដើម្បីចាត់ការនីតិវិធីតាមច្បាប់ ។

អធិការនគរបាលស្រុកអង្គស្នួលលោកវរសេនីយ៍ទោ មាន សំណាង បានឲ្យដឹងថា ជនត្រូវចោទ២នាក់ដែលត្រូវបានចាប់ខ្លួននោះ ទី១-ឈ្មោះ សេង ប៊ុនហៀល ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល មានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៩២៥ ចុះថ្ងៃទី១១ ខែឆ្នូ ឆ្នាំ២០១៥ ទី២-ឈ្មោះ ម៉ៃ ស៊ីមាន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៩២៦ ចុះថ្ងៃទី១១ ខែឆ្នូ ឆ្នាំ២០១៥ ។

លោកវរសេនីយ៍ទោ មាន សំណាង បានបន្តថា ដីកាបង្គាប់ឲ្យចាប់ខ្លួនទាំង២នេះ ចេញដោយលោក ហុក វ៉ាន់ធីណា ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តកណ្តាល សម្រេចចោទប្រកាន់ជនត្រូវចោទទាំង២នាក់ខាងលើនេះពីបទ“ហិង្សាដោយចេតនា មានស្ថានទម្ងន់” ដែលបានប្រព្រឹត្តនៅភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នូល ខេត្តកណ្តាល កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤ ។

លោកអធិការបានបញ្ជាក់ថា ជនត្រូវចោទទាំង២នាក់ខាងលើនេះត្រូវបានសមត្ថកិច្ចនគរបាលជំនាញយុត្តិធម៌ស្រុក បញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលនៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីចាត់ការបន្តតាមច្បាប់ ៕

8d57358c-c5bd-4591-b17b-9568f2ad00b4

ដោយ៖ ស្អាងជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print