ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងភរិយា រួមនឹងមន្រ្តីសាលាខណ្ឌជាច្រើនទៀត នាំយកទៀនវស្សា គ្រឿងឧបភោគ បរិភោគ សំភារៈបរិក្ខា និង បច្ច័យមួយចំនួនដែលជាអំណោយរបស់ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោកស្រី ទៅប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួន៤ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ។
...
វត្តទាំង៤ ដែលលោកអភិបាលខណ្ឌនាំយកទៀនវស្សា គ្រឿងឧបភោគ បរិភោគ សំភារៈបរិក្ខានិងបច្ច័យ ទៅផ្តល់ជូននេះរួមមាន៖ វត្តធុតង្គចំការដូង, វត្តសំបួរមាស, វត្តទួលសំរោង និង វត្តជ្រោយបទុម (ហៅវត្តព្រែកជ្រៃ) ដែលក្នុង១វត្តៗទទួលបាន ទៀនព្រះវស្សា ១គូរ, សាដក១កញ្ចប់, ប្រេងម៉ាស៊ូត ៣០លីត្រ, ស្ករស១បាវ, ទឹកដោះគោ ១កេស, ទឹកក្រូច ៣កេស, ទឹកសុទ្ធ ៣កេស, មី២កេស និងបច្ច័យ២០ម៉ឺនរៀល ។ ដោយឡែកលោក វើក សាមឿន ចៅសង្កាត់ដង្កោ បានចូលបច្ច័យបន្ថែមដល់វត្តទាំង៤ ក្នុង១វត្តៗចំនួន ២០ម៉ឺនរៀលផងដែរ។
លោក នុត ពុធដារ៉ា បានមានប្រសាសន៍លើកឡើងអំពីប្រពៃណីព្រះពុទ្ធសាសនា ដែលនៅក្នុងពិធីបុណ្យចូលព្រះវស្សា ពុទ្ធបរិស័ទតែងតែនាំយកទៀនវស្សា គ្រឿងឧបភោគបរិភោគ និងសម្ភារៈបរិក្ខាជាច្រើនទៀតទៅប្រគេនព្រះសង្ឃនៅតាមបណ្តាលវត្តនានា ដើម្បីផ្គត់ផ្គង់ដល់ព្រះសង្ឃ ព្រោះនេះជារដូវវស្សាដែលជា រដូវមួយសំបូរទឹកភ្លៀង ដែលព្រះសង្ឃមានការលំបាកនិមន្តបិណ្ឌបាត្រ និងម៉្យាងទៀតរដូវនេះ ក៏ជាពេលវេលាមួយ ដែលព្រះសង្ឃគង់នៅក្នុងវត្តដើម្បីសិក្សារៀនសូត្រព្រះធម៌។
លោកអភិបាលខណ្ឌនិងក្រុមគ្រួសារ រួមនឹងមន្រ្តីក្នុងសាលាខណ្ឌតែងតែនាំយកនៅទៀនវស្សា គ្រឿងឧបភោគ បរិភោគ និងគ្រឿងសម្ភារៈបរិក្ខាមួយចំនួនទៅប្រគេនតាមបណ្តាលវត្តនានានៅក្នុងខណ្ឌដើម្បីរួមចំណែកសម្រាលការខ្វះខាតរបស់ព្រះសង្ឃក្នុងវត្តជារៀងរាល់ឆ្នាំ។ ជាមួយគ្នា លោកអភិបាលខណ្ឌក៏បានលើកឡើងពីការអភិវឌ្ឍរីកចម្រើនឥតឈប់ឈររបស់ប្រទេសជាតិក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលការរីកចម្រើននេះ គឺមិនអាចកាត់ផ្តាច់បានពីវិស័យពុទ្ធចក្រ ដែលជានិច្ចកាលវិស័ពុទ្ធចក្រ និងអាណាចក្រ ត្រូវដើរទន្ទឹមគ្នា ដើម្បីកសាងប្រទេសជាតិយើងឲ្យបានរីកចម្រើនជាលំដាប់។
ព្រះគ្រូគន្ធធុតុង្គ សឿ ហេង ចៅអធិការវត្តធុតុង្គចំការដូង ក្នុងនាមព្រះសង្ឃគណៈកម្មាធិការវត្ត និងពុទ្ធិបរិស័ទ ចំណុះជើងវត្តទាំង៤ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអភិបាលខណ្ឌ និងមន្តី្រសាលាខណ្ឌ ដែលបាននាំយកអំណោយមកផ្គត់ផ្គង់ដល់ព្រះសង្ឃនាពេលនេះ។ នេះគឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ព្រះសង្ឃសម្រាប់គង់ស្នាក់នៅនិងសិក្សារៀនសូត្រធម៌អាថ៌ក្នុងរដូវចូលព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមាតាមពុទ្ធានុញ្ញាតិ៕
ដោយ៖ ជីម ភារ៉ា ដង្កោ
...