ភ្នំពេញ៖ តារាសម្តែងស្រីល្បីឈ្មោះ សុខ សោម៉ាវត្តី និងជួបដៃគូសម្តែងចាស់លោក ជា សុវណ្ណនារាហ៍ ជាថ្មីក្នុងខ្សែភាពយន្តខ្នាតធំរបស់ផលិតកម្មមហាហង្ស គឺរឿង”សួរស្តីលោកគ្រូកំលោះ”។ ការបញ្ជាក់ពីវត្តមានសម្តែងរួមគ្នាជាថ្មីនេះត្រូវបានធ្វើឡើងក្នុងពិធីក្រុងពាលីចាប់ផ្តើមដំណើរការផលិតខ្សែភាពយន្តនេះ កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ក្រោមវត្តមានផលិតករ សិល្បករជាច្រើនរូបទៀត។
តារាសម្តែងក្នុងខ្សែភាពយន្តបែបកំប្លែងខាងលើមានដូចជា អ្នកនាង សុខ សោម៉ាវត្តី លោក ជា សុវណ្ណនរាហ៍ នាយ ពាក់មី នាងខ្ញុង នាយគ្រឿន អ្នកនាងប៉េង ប៉ោង លោក អូន ឧស្សាហ៍ កញ្ញា នីឡា លោក លឹម រដ្ឋា កញ្ញាយ៉ែម ស្រីពេជ្រ និងតារាសម្តែងជាច្រើនរូបទៀត។
អ្នកនាង សុខ សោម៉ាវត្តីបញ្ជាក់ថា មានខ្សែភាពយន្តមិនតិចជាង១០រឿងទេដែលនាងសម្តែងរួមជាមួយនឹង លោក ជា សុវណ្ណនរាហ៍ ហើយភាគច្រើនទទួលបានការគាំទ្រច្រើន។ នាងបន្តថា នេះគឺជារឿងទី២ដែលនាងរួមគ្នាជាមួយតារាសម្តែងប្រុសរូបនេះនៅក្នុងផលិតកម្មមហាហង្សបន្ទាប់ពីរឿង”៣០ថ្ងៃ”។ អ្នកមេម៉ាយចាយរាងរូបនេះបន្តថា ក្នុងខ្សែភាពយន្តនេះនាងសម្តែងជាតួអង្គមានអត្តចរិកសាមញ្ញ មិនឡិឡក់ច្រើនដូចរឿងមុនៗទេ ហើយនាងក៏រំពឹងថា នឹងមិនមានបញ្ហាច្រើនសម្រាប់ការរួមគ្នាសម្តែងទេព្រោះតែតារាសម្តែងទាំងអស់សុទ្ធតែធ្លាប់សម្តែងរួមគ្នា។
លោក ជា សុវណ្ណនរាហ៍ បញ្ជាក់ថា ក្នុងខ្សែភាពយន្តនេះលោកសម្តែងតួអង្គគ្រូកំលោះឈ្មោះមន្តក្នុងសាលាឯកជនមួយ។ លោកបញ្ជាក់ថាខ្សែភាពយន្តនេះភាគច្រើនថតនៅរាជធានីភ្នំពេញ ហើយក៏មិនមានផលលំបាកច្រើនដែរ ពិសេសទាក់ទិននឹងការសម្តែង។ លោកបញ្ជាក់ថា ខ្សែភាពយន្តនេះអាចទទួលបានការគាំទ្រច្រើនព្រោះតែលោកត្រូវសម្តែងជាមួយដៃគូចាស់ និងតារាសម្តែង ជាច្រើនរូបដែលមានឈ្មោះបោះសំឡេង និងធ្លាប់ទទួលបានជោគជ័យច្រើនក្នុងវិស័យសិល្បៈ។
ចាងហ្វាងផលិតកម្ម មហាហង្សលោក អ៊ិន សុភិន បញ្ជាក់ថា ខ្សែភាពយន្តនេះអាចនឹងចំណាយការផលិតប្រមាណជាង៣ខែ នឹងអាចចាក់បញ្ចាំងនៅរោងភាពយន្តនៅចុងឆ្នាំ២០១៦នេះ។ លោកបញ្ជាក់ថា ខ្សែភាពយន្តនេះអាចនឹងទទួលបានការគាំទ្រច្រើនព្រោះតែតារាសម្តែងដែលភាពច្រើនគឺជាតារាសម្តែងល្បីឈ្មោះហើយគ្រោងចំណាយប្រមាណជាង៥ម៉ឺនដុល្លារអាមេរិកក្នុងការផលិត។ លោកនៅតែរំពឹងទៅលើទីផ្សារនៃការចាក់បញ្ចាំង ពិសេសគឺតំណែងតួឯកដល់អ្នកនាង សុខ សោម៉ាវត្តីជាប់ៗគ្នាជាច្រើនរឿង។ លោកថា ក្រោយពីដាក់បញ្ចាំងស្នាដៃរឿង”អ្នកនាងម្ចាស់ឡឺកឺ” ដែលនាងសម្តែងជាតួឯកកន្លងមកគឺទទួលបានការគាំទ្រច្រើនលើសការរំពឹងទុក។
អ្វីដែលពិសេសនាងគឺជាតារាស្រីម្នាក់ដែលធ្វើការងារហ្មត់ចត់ច្បាស់លាស់ ហើយលោកនឹងផ្តល់ឱកាសថ្មីៗបន្តទៀតដល់នាងនៅខ្សែភាពយន្តក្រោយៗទៀត៕
ដោយ៖ វឌ្ឍនា