ខេត្តកណ្តាល៖ ក្នុងគោលដៅពង្រឹងការងារសន្តិសុខ និងការងាររដ្ឋបាលទូទៅនៅមូលដ្ឋានលោក ជាវ តាយ អភិបាលរងខេត្តតំណាងលោកអភិបាលខេត្តកណ្តាល បានស្នើឲ្យអាជ្ញាធរ សមត្ថកិច្ចស្រុកកៀនស្វាយ ត្រូវរួមកម្លាំងគ្នាពង្រឹងការងារសន្តិសុខនិងការងាររដ្ឋបាលទូទៅដើម្បីធានាបាននូវសន្តិសុខទាំងផ្លូវកាយ ផ្លូវចិត្ត ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិសេសត្រៀមលក្ខណៈលើកិច្ចការរដ្ឋបាល ការងារគ្រប់គ្រង ដើម្បីឈានទៅរកការរៀបចំការបោះឆ្នោតឃុំ-សង្កាត់លើកទី៤ ឆ្នាំ២០១៧ ខាងមុខនេះ ៕
ប្រសាសន៍ស្នើឲ្យអាជ្ញាធរស្រុកពង្រឹងការងារសន្តិសុខ និងការងារគ្រប់គ្រងរដ្ឋបាលទូទៅនៅក្នុងស្រុកកៀនស្វាយបានលើកឡើងនៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ក្នុងពិធីប្រកាសតែងតាំងលោក សុខ ពិសិទ្ធ អតីតជាប្រធានការិយាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុស្រុក ឡើងជាអភិបាលរងស្រុកកៀនស្វាយ ក្រោមវត្តមានលោក ជាវ តាយ អភិបាលរងខេត្តតំណាងលោកអភិបាលខេត្តកណ្តាល និងមានការចូលរួមពីលោក អ៊ូ ឈាង អភិបាលស្រុក មន្ត្រីការិយាល័យជុំវិញស្រុក លោក លោកស្រីជាមេឃុំទាំង៨ ។
បន្ទាប់ពីស្តាប់របាយការណ៍របស់លោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ ស្តីពីការលទ្ធផលការងារដែលសម្រេចបាន និងការប្តេជ្ញាចិត្តរបស់លោក សុខ ពិសិទ្ធ ដែលទើបតែងតាំងជាអភិបាលរងស្រុករួចមក លោក ជាវ តាយ អភិបាលរងខេត្តកណ្តាលបានសំណេះសំណាលនិងផ្តាំផ្ញើរឲ្យគណៈបញ្ជាការឯកភាពស្រុកត្រូវយកចិត្តទុកដាក់បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសសំខាន់ៗដូចជា បទល្មើសលួច ឆក់ ប្លន់ ដោយខិតខំពង្រឹងសមត្ថភាពជំនាញ បង្កើនកិច្ចសហការក្នុងការផ្តល់ព័ត៌មាន ការគ្រប់គ្រងមុខសញ្ញា និងបន្តអនុវត្តគោលនយោបាយ «ភូមិ-ឃុំ មានសុវត្ថភាព» ឲ្យបានជាប់ជាប្រចាំ និងមានប្រសិទ្ធិភាពខ្ពស់ ។
មួយផ្នែកទៀតត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាគ្រោះថ្នាក់សង្គម ដូចជា គ្រោះថ្នាក់ចរាចរណ៍ គ្រោះអគ្គិភ័យ និងគ្រោះថ្នាក់ផ្សេងៗទៀត ដែលតែងតែយាយីដល់អាយុជីវិតនិងទ្រព្យសម្បត្តិប្រជាពលរដ្ឋ ។ បញ្ហាដែលត្រូវយកចិត្តទុកដាក់បំផុតគឺគ្រោះថ្នាក់ចរាចរណ៍ ដែលយើងត្រូវតែមានការបង្កើនការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានអំពីច្បាប់ចរាចរផ្លូវគោកឲ្យដើរទន្ទឹមនឹងការពង្រឹងការអនុវត្តច្បាប់ចរាចរថ្មីនេះ ។
ជាមួយគ្នានេះដែរត្រូវជំរុញការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អត្រានុកូលដ្ឋាន សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ។
លោកអភិបាលរងខេត្តបានបន្តថា រដ្ឋបាលស្រុកកៀនស្វាយត្រូវយកចិត្តទុកដាក់លើការបង្ខិត និងការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានទៅឲ្យជិតប្រជាពលរដ្ឋ ដើម្បីធ្វើឲ្យប្រសើឡើងនូវគុណភាពនៃការផ្តល់សេវាសាធារណៈពិសេស
ពង្រឹងរបៀបរបបការងារគ្រប់គ្រងរដ្ឋបាល ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ និងពង្រឹងការគ្រប់គ្រងមន្ត្រីរាជការពេលមកបម្រើការងារនិងពេលអវត្តមាន ។
ក្នុងពិធីនេះលោកអភិបាលរងខេត្តបានធ្វើការណែនាំបន្ថែម លោក សុខ ពិសិទ្ធ ដែលទើបចូលកាន់តំណែងជាអភិបាលរងស្រុក ត្រូវខិតខំបំពេញការងារបំរើប្រជាពលរដ្ឋប្រកបដោយឆន្ទះពិតប្រាកដ សហការល្អជាមួយថ្នាក់លើ មានសាមគ្គីភាពផ្ទៃក្នុងល្អ មានតម្លាភាព និងគណនេយ្យភាព ។ ជាពិសេសប្រកាន់ខ្ជាប់នូវអភិក្រមទាំង៤ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និងព្យាបាល» ដើម្បីសម្រេចបាននូវសទ្ធិផលថ្មីៗបន្ថែមទៀតជូនអង្គភាព ប្រជាពលរដ្ឋ និងមាតុភូមិ ៕
ដោយ៖ សណ្តោស