មនុស្សគ្រប់រូប ទោះរស់នៅទីណាក៏ដោយ ដល់ពេលមានវ័យចាស់ហើយតែងតែមានគោលបំណងចង់ទៅរស់នៅស្រុកកំណើតវិញ។ លោកថាក់ស៊ីន ក៏ដូច្នោះដែរ លោកបានរស់នៅក្រៅប្រទេស ជាង ១៥ឆ្នាំ ធ្វើដំណើរជុំវិញពិភពលោក នៅទីបំផុតលោកក៏សម្រេចវិលត្រឡប់មកស្រុកវិញបើទោះបីត្រូវជាប់ពន្ធនាគារ ក៏ព្រមដែរ។ នៅពេលនេះលោកថាក់ស៊ីនបានសម្រេចដូចបំណងហើយបានឈានជើងចូលផ្ទះវិញ ក្រោយរយៈពេលជាង ១៥ឆ្នាំ។
រថយន្តក្រុមគ្រួសារបានដឹកលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ពីមន្ទីរពេទ្យប៉ូលិសថៃ ត្រឡប់មកផ្ទះវិញនៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ។ យោងតាមកាសែត The Nation រថយន្ត Benz របស់មេដឹកនាំគណបក្សភឿថៃ Paetongtarn Shinawatra ដែលជាកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា បានចាកចេញពីគេហដ្ឋានរបស់គ្រួសារនៅម៉ោងប្រហែល ៤ និង ៤០ នាទីទៀបភ្លឺ ហើយមកដល់មន្ទីរពេទ្យនៅម៉ោងប្រហែល ៥ ទៀបភ្លឺ។
ក្រោយមក ប្រជាពលរដ្ឋបានឃើញលោកថាក់ស៊ីន ត្រឡប់មកលំនៅដ្ឋានវិញនៅម៉ោង៦និង៣០នាទីព្រឹក អមដោយប៉ូលិសជាន់ខ្ពស់ ។
ក្រុមអ្នកសង្កេតការណ៍បាននិយាយថា លោកថាក់ស៊ីនហាក់ដូចជាស្ងប់ស្ងាត់ ដោយពាក់ឧបករណ៍ជំនួយជុំវិញករបស់គាត់ ប្រហែលជាដោយសារតែបញ្ហាសុខភាពថ្មីៗរបស់គាត់ទាក់ទងនឹងស្ថានភាពឆ្អឹងខ្នង និងប្រព័ន្ធប្រសាទ។
លោកថាក់ស៊ីន អាយុ៧៤ឆ្នាំ ស្ថិតក្នុងចំណោមទណ្ឌិត៩៣០នាក់ដែលត្រូវបានដោះលែងឱ្យនៅក្រៅឃុំក្នុងខែនេះ បន្ទាប់ពីការណែនាំរបស់នាយកដ្ឋានកែតម្រូវដែលត្រូវបានអនុម័តដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Tawee Sodsong។
កន្លងមក លោកថាក់ស៊ីន ត្រូវបានកាត់ទោសកំបាំងមុខឲ្យជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំ ពីបទពុករលួយតាំងពីអាណត្តិឆ្នាំ ២០០១-២០០៦ ជានាយករដ្ឋមន្ត្រី។ ឆ្នាំ ២០០៦ ក៏ជាឆ្នាំដែលលោកចាកចេញពីប្រទេសថៃបន្ទាប់ពីត្រូវបានផ្ដួលរំលំដោយរដ្ឋប្រហារយោធា។ ទោះជាយ៉ាងណាក៏ដោយ គាត់បានទទួលការលើកលែងទោសពីព្រះមហាក្សត្រភ្លាមៗ បន្ទាប់ពីបានត្រឡប់ទៅប្រទេសថៃកាលពីឆ្នាំមុន ដោយកាត់បន្ថយការកាត់ទោសរបស់គាត់ឱ្យជាប់ពន្ធនាគារមួយឆ្នាំ៕
រូបថត: Thai News Pix