រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បាននិយាយថា លោកបានពិភាក្សាអំពីអនាគតនៃសន្តិភាពក្នុងជម្លោះរុស្ស៊ី និងអ៊ុយក្រែន ជាមួយសមភាគីចិនលោក Wang Yi ។ នេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុងកៀវក្នុងការពង្រឹងទំនាក់ទំនងជាមួយក្រុងប៉េកាំង។
លោក Kuleba បានសរសេរនៅលើបណ្តាញសង្គម X អំពីកិច្ចប្រជុំនេះថា “ខ្ញុំបានជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ពាណិជ្ជកម្ម និងតម្រូវការក្នុងការស្តារសន្តិភាពដោយយុត្តិធម៌និងយូរអង្វែងនៅអ៊ុយក្រែន” ។
រដ្ឋមន្ត្រីការបរទេស Kuleba បាននិយាយថា លោកបានពិភាក្សាអំពីផែនការរបស់អ៊ុយក្រែនក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលពិភពលោក ដែលប្រទេសស្វីសបានយល់ព្រមគាំទ្រ។ លោកបាននិយាយថា អ្នកការទូតទាំងពីរ “បានយល់ព្រមលើតម្រូវការដើម្បីរក្សាទំនាក់ទំនងអ៊ុយក្រែន-ចិននៅគ្រប់កម្រិតនិងបន្តការសន្ទនា”។
អ៊ុយក្រែនបានស្វែងរកការពង្រឹងទំនាក់ទំនងជាមួយចិន និងបានអំពាវនាវឱ្យទីក្រុងប៉េកាំងគាំទ្រផែនការ 10 ចំណុចរបស់ទីក្រុងគៀវ ដែលផ្តោតលើការទាមទារឱ្យមានការដកទ័ពរុស្ស៊ី ស្ដារព្រំដែនអ៊ុយក្រែនឆ្នាំ 1991 និងការកសាងក្របខ័ណ្ឌមួយដើម្បីបង្ខំឱ្យរុស្ស៊ីដកទ័ព។ ទីក្រុងម៉ូស្គូត្រូវតែទទួលខុសត្រូវចំពោះ សកម្មភាពរបស់ខ្លួន។
ផ្ទុយទៅវិញ ប្រទេសចិនបានស្នើផែនការសន្តិភាពរបស់ខ្លួនកាលពីឆ្នាំមុន ដោយអំពាវនាវឱ្យមានបទឈប់បាញ់ ការចរចា និងបញ្ចប់ការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី។ ប៉ុន្តែផែនការនេះមិនទាន់មានវឌ្ឍនភាពច្បាស់លាស់នៅឡើយទេ៕ ដោយធីរីណា
រូបថត:X