លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុញ្ញាតឱ្យគណៈប្រតិភូរដ្ឋសភាឡាវ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ចែករំលែក៖

ភ្នំពេញ ៖ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ លោក ខាំចាន់ សុដាប៉ាសឺត សមាជិកគណៈអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មាធិការកិច្ចការជនជាតិភាគតិច និងគណៈប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។

ក្នុងនាម សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានស្វាគមន៍ និងអបអរសាទរយ៉ាងក្លៀវក្លាចំពោះ វត្តមានគណៈប្រតិភូរដ្ឋសភា នៃប្រទេសឡាវ ដែលបានមកបំពេញទស្សនកិច្ចនៅរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជានាពេលនេះ។

លោកកិត្តិសេដ្ឋាបណ្ឌិតអនុប្រធានទី១រដ្ឋសភា បានជម្រាបជូនគណៈប្រតិភូរដ្ឋសភាឡាវ បានជ្រាបពីសភាពការណ៍ ភូមិសាស្រ្តនយោបាយ សេដ្ឋកិច្ច សង្គម របស់ព្រះរាជាណាចក្រកម្ពុជា ពិសេសរាល់ស្នាដៃជោគជ័យរបស់ស្ថាប័នរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា មានដូចជា ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា កន្លងមក ដែលបានប្រព្រឹត្តទៅដោយរលូន មានភាពសេរី ត្រឹមត្រូវ ដោយមានការទទួលស្គាល់​ និងការគាំទ្រពីអ្នកសង្កេតការណ៍ជាតិ​ និងអន្តរជាតិ។ ការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ជម្ងឺ Covid-19 ប្រកបដោយជោគជ័យ។ ការធ្វើជាម្ចាស់ផ្ទះរៀបចំប្រជុំកំពូល ASEAN លើកទី៤០ និង៤១ និង AIPA លើកទី៤៣ ផងនោះ គឺព្រះរាជាណាចក្រកម្ពុជា ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នៅលើឆាកអន្តរជាតិ នៅឆ្នាំ២០២២ កន្លងទៅ។ កម្ពុជាក៏បានធ្វើជាម្ចាស់ផ្ទះរៀបចំប្រកួតកីឡាស៊ីហ្គេម ប្រកបដោយជោគជ័យនិងទទួលបានការកោតសរសើរពីមតិជាតិ និងអន្តរជាតិយ៉ាងគគ្រឹកគគ្រេងផងដែរ។

ទាក់ទងនឹងការងាររដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា ក្នុងរយៈពេលជាង៥ខែកន្លងទៅ តំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភាបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការបម្រើជាតិ និងប្រជាជនទទួលបានលទ្ធផលគួរជាទីមោទនភាពបំផុត។ ក្រៅពីបំពេញតួនាទី និងភារកិច្ចជាតំណាងរាស្រ្តក្នុងការពិភាក្សាអនុម័ត ច្បាប់ តំណាងរាស្ត្រ បានចុះមូលដ្ឋានដើម្បីរាយការណ៍ និងផ្សព្វផ្សាយនូវលទ្ធផលនៃសម័យប្រជុំរដ្ឋសភា ព្រមទាំងការងារថ្មីៗមួយចំនួនទៀត។ ក្រៅពីនេះ​ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ក៏បានដឹកនាំរដ្ឋសភា ព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងការងារការទូតរដ្ឋសភាយ៉ាងទូលំទូលាយផងដែរ។ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានមានប្រសាសន៍លើកឡើងអំពីរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលមានឥស្សរជនវ័យក្មេងដឹកនាំមានសមត្ថភាពគ្រប់គ្រាន់គឺ​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដែលសម្តេចបានជំរុញអោយមានកិច្ចការពារថែរក្សាអោយបានជាដាច់ខាត នូវសុខសន្តិភាព និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋប្រកបដោយសមធម៌ តាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោក ខាំចាន់ សុដាប៉ាសឺត សមាជិកគណៈអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មាធិការ កិច្ចការជនជាតិភាគតិច បានមានប្រសាសន៍ថា ឯកឧត្ដមនិងគណៈប្រតិភូមានភាពសប្បាយរីករាយ ដែលបានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងថាបេសកកម្មរបស់គណៈប្រតិភូរដ្ឋសភាឡាវ នាពេលនេះ គឺដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសស្ថាប័ននីតិប្បញ្ញត្តិ ឡាវ​ និងកម្ពុជា។ ទន្ទឹមនឹងនោះ​ ឯកឧត្តម ក៏ចង់សិក្សាស្វែងយល់ ជាមួយគណៈកម្មការអប់រំ យុវជន​ កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភាកម្ពុជា ដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ក្នុងការអភិវឌ្ឍន៍វិស័យទាំងនោះ អោយមានការរីកចម្រើនឡើង។
លោក ខាំចាន់ សុដាប៉ាសឺត ក៏បានមានប្រសាសន៍ថ្លែងកោតសរសើរ​ និងវាយតម្លៃខ្ពស់ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានដឹកនាំប្រទេសកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ។

ជាចុងក្រោយ លោកកិត្តិសេដ្ឋាបណ្ឌិតអនុប្រធានទី១រដ្ឋសភា ក៏បានមានប្រសាសន៍ លើកឡើងពីការបជំរុញឱ្យប្រទេសទាំងពីរ កម្ពុជា-ឡាវ ដែលមានព្រំប្រទល់ជាប់គ្នា គឺចាំបាច់ត្រូវឯកភាពគ្នាក្នុងការកំណត់បង្គោលព្រំដែន ឬខណ្ឌសីមា ឱ្យបានចប់សព្វគ្រប់ នៅពេលខាងមុខឆាប់ៗនេះ​ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print