ភ្នំពេញ ៖ ថ្ងៃនេះថ្នាក់ដឹកនាំ មន្ត្រីរាជការ ដែលជាតំណាងមកពីគ្រប់ក្រសួង ស្ថាប័នទាំងអស់ បានអញ្ជើញជួបជុំគ្នាពិភាក្សា និងផ្តល់ធាតុចូលលើសេចក្តីព្រាងចំនួន ៥ ស្តីពីការកែប្រែ និងដំឡើងប្រាក់បំណាច់មុខងារ និងប្រាក់ឧបត្ថម្ភសម្រាប់ឆ្នាំ២០២៤។ នេះជាការលើកឡើងរបស់ លោក ហ៊ុនម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃទី២៧ ខែកុម្ភ : ឆ្នាំ២០២៤ ។
លោក ហ៊ុនម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា ៖ តាមរយៈគោលនយោបាយ និងវិធានការនានាដែលបានដាក់ចេញកន្លងមក និងកំពុងរៀបចំនាពេលនេះ សុទ្ធតែបានបង្ហាញពីការយកចិត្តទុកដាក់ រិះរកមធ្យោបាយគ្រប់សព្វបែបយ៉ាងតាមលទ្ធភាព របស់រាជរដ្ឋាភិបាលជាប្រចាំ ចំពោះជីវភាព និងសុខុមាលភាពរបស់មន្ត្រីរាជការទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចជូនប្រទេសជាតិ និងប្រជាជន ហើយដែលឆ្លើយតបជាមួយការរីកលូតលាស់នៃសង្គមជាតិ។ ជាងនេះទៅទៀត ការចូលរួមជាធាតុចូលរបស់សមាជិក សមាជិកាអង្គប្រជុំ នាថ្ងៃនេះ រំលេចចេញនូវការគិតគូរគ្រប់ជ្រុងជ្រោយទាំងអស់ ក្នុងគោលដៅអភិវឌ្ឍ និងការពារផលប្រយោជន៍មន្ត្រីរាជការរបស់យើងគ្រប់ជាន់ថ្នាក់។
លោកឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា ៖ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតខ្ពស់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈជឿជាក់ថាក្រសួងស្ថាប័នទាំងអស់នឹងចូលរួមសហការយ៉ាងមុះមុត ក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ ដែលគាំទ្រដល់បេសកកម្មកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសការកែលម្អការជ្រើសរើសមន្ត្រីរាជការស៊ីវិល សហការក្នុងការងារវិភាគមុខងារក្រសួង ស្ថាប័ន អង្គភាព និងការងារកែលម្អប្រព័ន្ធការងារផ្សេងៗទៀត ក្នុងគោលដៅបម្រើសេវាជូនប្រជាជនកាន់តែប្រសើរ៕