យន្តហោះដឹកអ្នកដំណើរផលិតក្នុងប្រទេសចិន នឹងមកកាន់ប្រទេស វៀតណាម ឡាវ កម្ពុជា ម៉ាឡេស៉ី និងឥណ្ឌូណេស៉ី

ចែករំលែក៖

ចិនបង្កើនសកម្មភាពផ្សព្វផ្សាយយន្តហោះដឹកអ្នកដំណើរផលិតក្នុងស្រុកទៅកាន់ទីផ្សារអន្តរជាតិ ពិសេសគឺនៅក្នុងតំបន់អាស៊ាន ដែលមានការធ្វើដំណើរមមាញឹក។

សារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានផ្សាយថា ក្រុមហ៊ុនផលិតយន្តហោះនៃប្រទេសចិន COMAC បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ខ្លួននឹងធ្វើការហោះហើរបង្ហាញសមត្ថភាពយន្តហោះដឹកអ្នកដំណើរ C919 និង ARJ21 នៅប្រទេសអាស៊ានចំនួន៥ ដើម្បីព្យាយាមពង្រីកការលក់ពួកវាទៅកាន់ទីផ្សារអន្តរជាតិ។
ក្រុមហ៊ុន COMAC ដែលស្ថិតក្រោមកម្មសិទ្ធិរបស់រដ្ឋាភិបាលចិន និងមានមូលដ្ឋាននៅទីក្រុងសៀងហៃ បានចេញសេចក្តីថ្លែងការណ៍ថាក្នុងរយៈពេល២សប្តាហ៍ខាងមុខនេះ យន្តហោះ C919 និង ARJ21 នឹងធ្វើការហោះហើរបង្ហាញសមត្ថភាព នៅឯប្រទេសវៀតណាម ឡាវ កម្ពុជា ម៉ាឡេស៉ី និងឥណ្ឌូណេស៉ី។ យន្តហោះដឹកអ្នកដំណើរ C919 ទើបតែបានទៅដល់វៀតណាម ដើម្បីចូលរួមពិព័រណ៍អាកាសចរណ៍មួយនៅទីនោះ កាលពីថ្ងៃចន្ទសប្តាហ៍នេះ បន្ទាប់ពីពិព័រណ៍អាកាសចរណ៍នៅសិង្ហបុរីបានបិទបញ្ចប់កាលពីថ្ងៃអាទិត្យ ក្រោយប្រព្រឹត្តទៅអស់១សប្តាហ៍។
យន្តហោះទាំងពីរខាងលើបានបង្ហាញខ្លួនអំឡុងព្រឹត្តិការណ៍ Singapore Airshow កាលពីសប្តាហ៍មុន ដែលជាការបង្ហាញវត្តមានលើកដំបូងបំផុតនៃយន្តហោះ C919 នៅក្រៅប្រទេសចិន។ យន្តហោះដឹកអ្នកដំណើរនេះ ដែលជាប្រភេទ narrow-body ត្រូវបានអះអាងថា គឺជាគូប្រជែងសម្រាប់យន្តហោះ 737 MAX របស់ក្រុមហ៊ុនអាមេរិក Boeing ហើយនិងយន្តហោះ A320neo របស់ក្រុមហ៊ុនអឺរ៉ុប Airbus។ ចំណែកឯយន្តហោះ ARJ21 វិញ គឺជាយន្តហោះដឹកអ្នកដំណើរមានទំហំតូចជាង C919 ហើយប្រើប្រាស់ជាចម្បងនៅក្នុងប្រទេសចិនផ្ទាល់ ប៉ុន្តែយន្តហោះនេះក៏មានធ្វើប្រតិបត្តិការនៅអាកាសចរណ៍មួយរបស់ឥណ្ឌូណេស៉ីផងដែរ។
គួរបញ្ជាក់ថា បើតាមក្រុមហ៊ុន COMAC ផ្ទាល់ កម្មវត្ថុចម្បងនៃការហោះហើរយន្តហោះ C919 និង ARJ21 នៅប្រទេសអាស៊ានទាំង៥ ខាងលើ គឺដើម្បីបង្ហាញពីសមត្ថភាពដ៏ប្រសើរនៃយន្តហោះដឹកអ្នកដំណើរទាំងនេះ ហើយដាក់ចេញនូវមូលដ្ឋានគ្រឹះ សម្រាប់ការពង្រីកទីផ្សារពួកវា នាពេលអនាគត នៅក្នុងតំបន់អាស៉ីអាគ្នេយ៍។ ចិនក៏ធ្លាប់បាននិយាយដែរថា ខ្លួនចង់ធានាឱ្យបាន
នូវការទទួលស្គាល់ទូលំទូលាយពីអន្តជាតិ សម្រាប់យន្តហោះ C919 របស់ខ្លួននៅឆ្នាំនេះ ក្នុងនោះរួមមានទាំងការព្យាយាមចង់បាន ការទទួលស្គាល់ពីទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍របស់សហភាពអឺរ៉ុប។ មកទល់ឥឡូវ យន្តហោះដឹកអ្នកដំណើរនេះ ទទួលបានការបញ្ជាទិញច្រើនជាង១,០០០គ្រឿង ប៉ុន្តែភាគច្រើនគឺធ្វើឡើងពីសំណាក់ក្រុមហ៊ុនអាកាសចរណ៍ចិន និងក្រុមហ៊ុនផ្តល់សេវាកម្មជួលយន្តហោះ៕ ដោយធីរីណា

...

រូប​ថត​: tuoitre.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print