ខេត្តបន្ទាយមានជ័យៈ នគរបាលក្រុងប៉ោយប៉ែតបានឃាត់ខ្លួនជនសង្ស័យ២នាក់ដែលធ្វើសកម្មភាព លួច ឆក់ និងចូលចិត្តកាប់គ្នាពេលរាត្រី កាលពីថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៤
ខណៈពួកជនសង្ស័យទាំងនេះជិះម៉ូតូដឹកគ្នាចេញធ្វើសកម្មភាពឆក់ទូរស័ព្ទនិងខ្សែកពលរដ្ឋតាមដងផ្លូវ។
ក្រោយពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋរងគ្រោះជាច្រើននាក់មក លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានដាក់ចេញបទបញ្ជាដល់លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ភឿន ម៉ាន់សឹង្ហ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការរងនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងនគរបាលជាច្រើននាក់ចុះស្រាវជ្រាវ និងបានឃាត់ខ្លួនមុខសញ្ញាជនសង្ស័យនិងបក្ខពួកបានសម្រេច។
សមត្ថកិច្ចប្រាប់ថាៈ ជនសង្ស័យមានឈ្មោះ ១-ឈ្មោះថោង ហាង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត (អ្នកជិះពីក្រោយឆក់ទូរស័ព្ទ)។ ២-ឈ្មោះសុង រាជ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ (សុងបាយ) ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត (អ្នកបើកម៉ូតូ) និងដកហូតបានវត្ថុតាងព្រមទាំងម៉ូតូចំនួន០១គ្រឿង ម៉ាកHONDA DREAM សេ៊រីឆ្នាំ២០១៧ គ្មានស្លាកលេខ ពណ៌ខ្មៅ លេខតួ/លេខម៉ាស៊ីន 9825705 នៅចំណុចមុខសាលារៀនព្រហ្មនិមិ្មត ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅចំពោះមុខសមត្ថកិច្ចសួរនាំ ជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពថា ពួកគេពិតជាបានចេញធ្វើសកម្មភាព ជិះម៉ូតូឆក់កាបូបលុយ ទូរស័ព្ទ គ្រឿងអលង្ការ វត្ថុមានតម្លៃពីប្រជាពលរដ្ឋពិតប្រាកដមែន កាលពីថ្ងៃទី២៤,២៥,២៦ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ។ភាគច្រើនគេជិះម៉ូតូឌុបគ្នាប្រដាប់ដោយកាំបិតខ្វែវ ចេញឆក់នៅលើផ្លូវមុខភោជនីយដ្ឋាននាគទិព្វ , ផ្លូវKTV Fplus, ផ្លូវដើមពុទ្ទ្រា, ផ្លូវវត្តត្រាច,ផ្លូវជិតហាងនំប៉័ងកៅ កៃ, ផ្លូវផ្សាររ៉ាចាស់ និងលើផ្លូវជាតិលេខ៥។ ក្រៅពីឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ បើមានជនណារារាំងពួកគេៗតែងតែប្រើហិង្សាឬយកកាំបិតដេញកាប់ដោយគ្មានញញើតដៃឡើយ។
សូមបញ្ជាក់ថា ជនសង្ស័យទាំង២នាក់គឺជាមុខសញ្ញាចាស់ដែលសមត្ថកិច្ចស្វែងរកចាប់ខ្លួន ក្នុងនោះមាន១-ឈ្មោះថោង ហាំង ភេទប្រុស អាយុ១៦ឆ្នាំ ធ្លាប់ជាប់ពន្ធនាគារចំនួន១ឆ្នាំកន្លះ ទោសសរុប៣ឆ្នាំពីករណីឆក់ទូរស័ព្ទ ចាប់ពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ។
២-ជនសង្ស័យឈ្មោះសុង រាជ ភេទប្រុស អាយុ១៦ឆ្នាំ ធ្លាប់ជាប់មណ្ឌលកែប្រែចំនួន ១ឆ្នាំ២ខែ ម្តាយយកទៅដាក់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបាននគរបាលឃាត់ខ្លួនបណ្តោះអាសន្នដើម្បីសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕ ដោយវណ្ណា