ខេត្តកំពង់ស្ពឺ÷ នាព្រឹកថ្ងៃទី ០២ ខែ មីនា ឆ្នាំ ២០២៤ លោក ឆាយ ថន សមាជិកអចិន្រ្តយ៍គណៈកម្មាធិការកណ្តាល និងលោកហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅភារកិច្ចខែមីនា នៅមន្ទីរគណបក្សខេត្ត។អញ្ជើញ ចូលរួមនាឱកាសនោះរួមមាន,អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្ត ក្រុមការងារចុះជួយមូលដ្ឋានខេត្ត- ក្រុង ស្រុក-ឃុំ-សង្កាត់ ឯកឧត្តម លោកជំទាវ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សក្រុង-ស្រុក ឯកឧត្តម លោកជំទាវ លោក លោកស្រីគណៈកម្មាធិការគណបក្សឃុំ-សង្កាត់ ជាច្រើនរូប។
ដូចសព្វមួយដង កិច្ចប្រជុំនេះធ្វើឡើងដើម្បីតាមដានវឌ្ឍនភាពការងាររបស់ក្រុមការងារ ព្រមទាំងស្តាប់របាយការណ៍សង្ខេប ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងសំណូមពររបស់ថ្នាក់ដឹកនាំ គណៈកម្មាធិការគណបក្សខេត្ត ក្រុមការងារចុះជួយមូលដ្ឋានខេត្ត សមាជិក សមាជិកា រួមទាំងដាក់ទិសដៅខែបន្ទាប់ផងដែរ។
បន្ទាប់ពីបានស្តាប់នូវរបាយការណ៍ ការចែរំលែកបទ ពិសោធន៍នានា ក៏ដូចជាការអន្តរាគមន៍ពីសំណាក់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ឯកឧត្តមបានវាយតម្លៃខ្ពស់ និងកោតសសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារចុះជួយខេត្ត ស្រុក ឃុំ គណៈកម្មាធិការគណបក្ស សមាជិក សមាជិកា ដែលបានផ្តល់ជាពុទ្ធិបំពេញបន្ថែម ដើម្បីឱ្យការងារកាន់តែមានភាពប្រសើរ និងគ្រប់ជ្រុងជ្រុយ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានផ្តល់នូវអនុសាសន៍ណែនាំបន្ថែមមួយចំនួន ជាពិសេសលើការចងក្រងបទពិសោធន៍របស់ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺដើម្បីជាឯកសារសម្រាប់អ្នកជំនាន់ក្រោយ និងការបន្តផ្សព្វផ្សាយគុណតម្លៃនៃសុខសន្តិភាព ទៅកាន់អង្គប្រជុំផងដែរ៕