ភាគីរុស្ស៊ីបានបង្ហោះវីដេអូមួយ ដែលទាហានម្នាក់បាននិយាយបែប«ឌឺដង»អរគុណប្រធានាធិបតីអាមេរិក Joe Biden ដែលបានបញ្ជូនរថក្រោះ Abrams ទៅកាន់កងទ័ពអ៊ុយក្រែន ដោយនិយាយថា នេះគឺជាឱកាសដ៏កម្រមួយសម្រាប់ទាហានរុស្ស៊ី ក្នុងការទទួលបានប្រាក់រង្វាន់បន្ថែមពីការបំផ្លាញពួកគេ។
វីដេអូនេះត្រូវបានថតនៅក្នុងបរិបទនៃព័ត៌មានជាច្រើនអំពីរថក្រោះធុនធ្ងន់ដែលផលិតដោយសហរដ្ឋអាមេរិកត្រូវបានបំផ្លាញជាបន្តបន្ទាប់ក្នុងរយៈពេលតិចជាងមួយសប្តាហ៍។ ជាពិសេស នៅក្នុងវីដេអូនោះ ទាហានរុស្ស៊ីម្នាក់បាននិយាយថា “យើងជាទាហានរុស្ស៊ី សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះរថក្រោះ Abrams ដែលអ្នកកំពុងផ្តល់ដល់អ៊ុយក្រែន”។
បុគ្គលនេះបាននិយាយថា ទាហានរុស្ស៊ីនឹងទទួលបានរង្វាន់សម្រាប់ឧបករណ៍យោធាលោកខាងលិចនីមួយៗដែលពួកគេបានបំផ្លាញ ហើយបានអំពាវនាវឱ្យលោក Biden បន្តបញ្ជូនរថក្រោះ Abrams បន្ថែមទៀត ព្រោះចំនួនបច្ចុប្បន្នទៅកាន់អ៊ុយក្រែនមានចំនួនតិចណាស់ ហើយកងទ័ពរុស្ស៊ី “ត្រូវចំណាយច្រើន ពេលវេលាតាមប្រមាញ់ពួកគេ” ។
សហរដ្ឋអាមេរិកបាននិយាយថា ខ្លួននឹងប្រគល់រថក្រោះ Abrams ចំនួន ៣១គ្រឿងទៅឱ្យអ៊ុយក្រែនក្នុងខែមករា ឆ្នាំ២០២៣ ប៉ុន្តែការផ្ទេរទៅកាន់ទីក្រុងគៀវ នឹងមិនធ្វើឡើងរហូតដល់រដូវស្លឹកឈើជ្រុះ។ ម៉ូដែលរថក្រោះទាំងនេះមិនដែលបង្ហាញខ្លួននៅលើជួរមុខរហូតដល់ចុងខែកុម្ភៈឆ្នាំនេះ។
មុននេះ កាលពីថ្ងៃអាទិត្យ ទី៣ខែមីនា មានព័ត៌មានថា រថក្រោះ Abrams និងរថយន្តបោសសម្អាតមីន ដែលផលិតដោយសហរដ្ឋអាមេរិក ដែលមានមូលដ្ឋានលើតួ Abrams ត្រូវបានបំផ្លាញនៅ Donbass ។ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ពីការបំផ្លិចបំផ្លាញរថពាសដែកធុនធ្ងន់នេះនៅក្នុងប្រទេសអ៊ុយក្រែន។
ទីក្រុងមូស្គូបានបញ្ជាក់ម្តងហើយម្តងទៀតថា គ្មានអាវុធលោកខាងលិចអាចផ្លាស់ប្តូរស្ថានភាពសមរភូមិបានទេ ហើយក្នុងពេលជាមួយគ្នានោះបានប្តេជ្ញាដុតបំផ្លាញទាំងស្រុងនូវយានទំនើបៗដែលបានបញ្ជូនមក៕
រូបថត: RT