ឆ្មាំព្រំដែនអ៊ុយក្រែនបាននិយាយថា កសិករប៉ូឡូញបានតវ៉ានិងបិទច្រកព្រំដែនទាំង៦ដែលទៅកាន់អ៊ុយក្រែនកាលពីថ្ងៃទី 3 ខែមីនា។
មិនមានរថយន្តដឹកទំនិញមួយគ្រឿងណាអាចឆ្លងកាត់ការបិទផ្លូវនោះទេ។ អ្នកនាំពាក្យឆ្មាំព្រំដែនអ៊ុយក្រែន លោក Andrey Demchenko បានប្រាប់គេហទំព័រព័ត៌មានអ៊ុយក្រែន អ៊ឺរ៉ុប Pravda ថា “គិតត្រឹមព្រឹកថ្ងៃទី 3 ខែមីនា រថយន្តដឹកទំនិញជាង 2,400គ្រឿងបាននិងកំពុងរង់ចាំជាជួរនៅច្រកព្រំដែនទាំង៦” ។
ការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពីការតវ៉ាជាច្រើនខែដោយកសិករប៉ូឡូញប្រឆាំងនឹងការនាំចូលរបស់អ៊ុយក្រែនដែលមានតម្លៃថោកកំពុងគំរាមកំហែងដល់ជីវភាពរបស់ពួកគេ។
កសិករប៉ូឡូញបានរៀបចំការបិទព្រំដែនជាមួយអ៊ុយក្រែនតាំងពីខែវិច្ឆិកាឆ្នាំមុន។ ពួកគេប្រឆាំងនឹងបទប្បញ្ញត្តិរបស់សហភាពអឺរ៉ុប (EU) ដែលអនុញ្ញាតឱ្យកសិករអ៊ុយក្រែនលក់គ្រាប់ធញ្ញជាតិនៅក្នុងប្លុកដោយមិនបង់ពន្ធ ឬគោរពតាមបទប្បញ្ញត្តិដ៏តឹងរឹងរបស់ទីក្រុងព្រុចសែល។
នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បាននិយាយកាលពីដើមសប្តាហ៍មុនថា ទីក្រុង Warsaw កំពុងចរចាជាមួយទីក្រុង Kiev អំពីការបិទព្រំដែនជាបណ្តោះអាសន្ន ប៉ុន្តែអ៊ុយក្រែនបានបដិសេធការអះអាងនោះ។
កសិករប៉ូឡូញក៏បានធ្វើបាតុកម្មនៅព្រំដែនជាមួយប្រទេសលីទុយអានី។ ពួកគេជឿថា ប្រទេសបាល់ទិកនេះកំពុងត្រូវបានប្រើប្រាស់ដោយអ្នកបើកបរឡានដឹកទំនិញអ៊ុយក្រែនដើម្បីគេចពីការបិទផ្លូវនៅព្រំដែនជាមួយអ៊ុយក្រែន៕ ដោយធីរីណា
រូបថត: Reuters