ភ្នំពេញ៖ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ នាយឧត្តម សេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានអនុញ្ញាតឱ្យលោក Daniel A Reilly មន្រ្តី UNMAS ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរក្សាសន្តិភាពឱ្យកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានទទួលស្វាគមន៍ការមកដល់កម្ពុជារបស់ប្រតិភូ UNMAS យ៉ាងកក់ក្តៅ និងបាននាំយកពាក្យពេចន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ រួមទាំងលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិ។
នាយឧត្តមសេនីយ៍ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ UNMAS ដែលបានផ្តល់ការហ្វឹកហ្វឺនដល់កងដំបូងដែលចេញបំពេញបេសកកម្មនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង និងបានផ្តល់ការហ្វឹកហ្វឺនមុនចល័តដល់កងEOD ទៅសាធារណរដ្ឋម៉ាលី។ ទន្ទឹមនោះ UNMAS ក៏បានផ្តល់ការគាំទ្រ និងមានកិច្ចសហ ប្រតិបត្តិការយ៉ាងស្អិតរមួតជាមួយកងកម្លាំងមួកខៀវកម្ពុជា នៅតំបន់បេសកកម្មក្នុងសាធារណរដ្ឋលីបង់ និងអាហ្រ្វិកកណ្តាលផងដែរ។ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បានស្នើដល់ UNMAS ផ្តល់ការហ្វឹកហ្វឺនមុនចល័តកងកម្លាំងទៅកាន់សាធារណរដ្ឋលីបង់ និងអាហ្រ្វិកកណ្តាល។
លោក Daniel A Reilly បានបង្ហាញភាពរីករាយតាម រយៈស្នាមញញឹម ក្នុងការមកដល់ទឹកដីនៃព្រះរាជាណា ចក្រកម្ពុជា ជាពិសេសការទទួលស្វាគមន៍យ៉ាងយក ចិត្តទុកដាក់ពីកម្ពុជា។ លោកបានកោតសរសើរយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកម្ពុជា ក្នុងប្រតិបត្តិការរក្សាសន្តិភាព និងបានទទួលស្គាល់ចំពោះកិត្តិនាមរបស់កម្ពុជា ក្នុងការចូលរួមចំណែកប្រឆាំង និងបន្សាបគ្រឿងផ្ទុះកែច្នៃ រួមទាំងកម្ទេចគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្នុងបេសកកម្ម MINUSMA នៅសាធារណរដ្ឋម៉ាលី។ លើសពីនេះ លោកបានស្ញប់ស្ញែងជាខ្លាំងចំពោះការចូលរួមរបស់នារីមួកខៀវកម្ពុជា ជាពិសេសមេកងជានារី ដែលដឹកនាំកងកម្ទេចគ្រឿងផ្ទុះទៅកាន់សាធារណរដ្ឋអាហ្រ្វិកកណ្តាលផងដែរ។
លោក Daniel A Reilly មានសេចក្តីសោមនស្សជាខ្លាំងចំពោះកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះនៃគម្រោងត្រីភាគី (TPP) ដោយ UNMAS នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងផ្នែក CIED ។ លោកបានបន្ថែមថា កម្ពុជា ជាប្រទេសមួយដែលមានកងកម្លាំងពោរពេញដោយចំណេះ និងជំនាញ ផ្នែកEOD និងបោសសម្អាតមីន ហើយ UNMAS នឹងផ្តល់ការហ្វឹកហ្វឺនបន្ថែម ដើម្បីឱ្យកម្លាំងមួកខៀវកម្ពុជា ក្លាយជាគ្រូបង្វឹកថ្នាក់អន្តរជាតិ។
គួរបញ្ជាក់ថា រយៈពេល១៨ឆ្នាំមកនេះកម្ពុជា បានបញ្ជូនកងកម្លាំងសរុប ៩៥៦៣ នាក់ ក្នុងនោះ នារី ៨១៦នាក់ ទៅកាន់១២បេសកកម្ម ក្នុង ១០ប្រទេស រួមមាន សាធារ ណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ លីបង់ សាយប្រើស ស៊ីរី អាហ្វ្រិកកណ្តាល ម៉ាលី យ៉េមែន និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ បច្ចុប្បន្នកម្លាំងកម្ពុជាកំពុងបំពេញបេសកកម្មមានចំនួន ៦៤០នាក់ ក្នុងនោះនារី ១២៤នាក់ ក្នុងប្រទេសចំនួន៥ រួមមាន៖ ស៊ូដង់ខាងត្បូង លីបង់ ម៉ាលី អាហ្វិ្រកកណ្តាល និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ៕