Breaking news ៖ គណបក្សប្រជាជនកម្ពុជា ប្រកាសជាឱឡារិកគោរព និងទទួលយកលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤នេះ គណបក្សប្រជាជនកម្ពុជា ដែលទទួលបានជោគជ័យ ហើយគ្រប់គ្រងអាសនៈស្ទើរតែទាំងស្រុងនៅក្នុងព្រឹទ្ធសភា បានចេញសេចក្តីថ្លែងការណ៍ ប្រកាសជាឱឡារិក ដោយគោរព និងទទួលយកលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសនៅថ្ងៃទី០៥ ខែមីនានេះ។

សេចក្តីថ្លែងការណ៍ របស់ គណបក្សប្រជាជនកម្ពុជា

សូមក្រាបថ្វាយបង្គំ ព្រះថេរា នុត្ថេរៈ គ្រប់ព្រះអង្គជាទីសក្ការៈ បងប្អូនជនរួមជាតិជាទីគោរពស្នេហា!

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ បានប្រព្រឹត្តទៅស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងបរិយាកាសនយោបាយប្រកបដោយ លក្ខណៈសេរី មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងការគំរាមកំហែង ដែលបាន ធានានូវលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌នៃការបោះឆ្នោត។ គ្រប់គណបក្សនយោបាយដែលបានចុះបញ្ជី គណបក្សឈរឈ្មោះបោះឆ្នោត និងចុះបញ្ជីបេក្ខជនឈរឈ្មោះ សុទ្ធតែបានធ្វើសកម្មភាពដោយសេរី ហើយ អ្នកបោះឆ្នោតគ្រប់រូបបានអនុវត្តយ៉ាងពេញលេញនូវសិទ្ធិសម្រេចចិត្តរបស់ខ្លួនក្នុងការបោះឆ្នោតនេះ ស្រប តាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ តាមរយៈព្រឹត្តិការណ៍ជាប្រវត្តិ- សាស្រ្តដ៏មានសារៈសំខាន់នេះ បានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់ថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមានភាពចាស់ទុំ ហើយកាន់តែត្រូវបានពង្រឹងឡើងតាមគន្លងនីតិរដ្ឋ ក្នុងបរិការណ៍ដែលព្រះរាជាណាចក្រកម្ពុជាមានសន្តិភាព និងឯកភាពជាតិពេញលេញ ប្រជាជនកំពុងរស់នៅយ៉ាងសុខដុមរមនា និងសម្រេចបានសមិទ្ធផលថ្មីៗទៀត ក្នុងការអភិវឌ្ឍសង្គមជាតិ។

គណបក្សប្រជាជនកម្ពុជា សូមប្រកាសជាឱឡារិកនូវការគោរព និងទទួលយកលទ្ធផលផ្លូវការនៃការ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបាន ប្រកាសនៅថ្ងៃទី៥ ខែមីនា ឆ្នាំ ២០២៤ នេះ។ លទ្ធផលនៃការបោះឆ្នោតនេះពិតជាបានឆ្លុះបញ្ចាំងទាំងស្រុងនូវ ឆន្ទៈដ៏ថ្លៃថ្លា និងមោះមុតរបស់ប្រជាជនកម្ពុជានៅទូទាំងប្រទេសក្នុងការថែរក្សាសន្តិភាព និងបន្តជំរុញការ អភិវឌ្ឍសេដ្ឋកិច្ច សង្គម ដើម្បីលើកស្ទួយជីវភាពរបស់ខ្លួន។

គណបក្សប្រជាជនកម្ពុជា សូមសម្តែងការគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកបោះឆ្នោត ទាំងអស់ ជាអ្នកតំណាងរាស្ត្រ និងជាសមាជិក សមាជិកានៃក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងតំណែងនៅទូទាំង ប្រទេស ដែលបានអញ្ជើញទៅបោះឆ្នោតដោយការទទួលខុសត្រូវខ្ពស់ក្នុងនាមជាអ្នកតំណាងដែលត្រូវបាន ជ្រើសតាំងដោយប្រជាជន និងបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់។ ជ័យ- ជម្នះនេះ ជាការផ្តល់ឧត្ដមភាពថែមទៀតចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការជំរុញអនុវត្ត ឱ្យបានសម្រេចជោគជ័យនូវកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ ២០២៣-២០២៨ ដែលបានក្លាយជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧។

គណបក្សប្រជាជនកម្ពុជា សូមវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបាន បំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ដោយប្រកាន់ខ្ជាប់នូវជំហរ ឯករាជ្យ អព្យាក្រឹតឥតលម្រៀង តម្លាភាព និងយុត្តិធម៌ ធ្វើឱ្យដំណើរការរៀបចំការបោះឆ្នោតនៅគ្រប់ដំណាក់កាល បានប្រព្រឹត្តទៅយ៉ាងល្អស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌សម្រាប់ការបោះឆ្នោត។

គណបក្សប្រជាជនកម្ពុជា សូមវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល គណៈ- បញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត អាជ្ញាធរដែនដី និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ ថ្នាក់ ដែលបានជួយគាំទ្រយ៉ាងសកម្មដល់ដំណើរការរៀបចំការបោះឆ្នោតឱ្យប្រព្រឹត្តទៅយ៉ាងរលូនតាំងពី ពេលចាប់ផ្ដើមរហូតដល់ពេលបញ្ចប់។ សូមថ្លែងអំណរគុណចំពោះបណ្តាគណបក្សនយោបាយ សមាគមអង្គការមិនមែនរដ្ឋាភិបាល អ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ ដែលបានតាមដាន ពិនិត្យយ៉ាងយកចិត្តទុកដាក់ចំពោះដំណើរប្រព្រឹត្តទៅនៃការឃោសនាបោះឆ្នោត ការបោះឆ្នោត និងការរាប់ សន្លឹកឆ្នោត ហើយបានធ្វើការវាយតម្លៃអំពីភាពល្អប្រសើរនៃការបោះឆ្នោតនេះ។ ព្រមជាមួយនេះ សូមថ្លែង អំណរគុណយ៉ាងក្រៃលែងចំពោះបងប្អូនជនរួមជាតិនៅទូទាំងប្រទេស ដែលបានយល់ច្បាស់អំពីសារៈសំខាន់ នៃការបោះឆ្នោតព្រឹទ្ធសភា ហើយបានចូលរួមក្នុងការថែរក្សាបរិយាកាសល្អទាំងមុនពេលបោះឆ្នោត ក្នុងពេល បោះឆ្នោត ក៏ដូចក្រោយពេលបោះឆ្នោត។

គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាយ៉ាងមុតមាំថា ព្រឹទ្ធសភា នីតិកាលទី៥ ដឹកនាំដោយគណបក្សប្រជា ជនកម្ពុជាដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សដ៏ឧត្តុង្គឧត្ដម នឹង បន្តនូវបេសកកម្មជាប្រវត្តិសាស្ត្ររបស់ព្រឹទ្ធសភា នីតិកាលទី៤ ក្នុងស្មារតីគោរពយ៉ាងម៉ឺងម៉ាត់តាមរដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា ដើម្បីបំពេញរាល់មុខងាររបស់ព្រឹទ្ធសភាប្រកបដោយប្រសិទ្ធភាព គឺមុខងារនីតិកម្ម មុខងារតំណាង មុខងារតាមដានការអនុវត្តច្បាប់ មុខងារសហប្រតិបត្តិការអន្តរជាតិ និងមុខងារអភិវឌ្ឍន៍ស្ថាប័ន ព្រមទាំងពង្រឹងការផ្សារភ្ជាប់រវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យបានកាន់តែប្រសើរឡើងថែមទៀត។

គណបក្សប្រជាជនកម្ពុជា សូមបញ្ជាក់ជាថ្មីជូនបងប្អូនជនរួមជាតិថា គណបក្សនឹងបន្តធ្វើអ្វីៗគ្រប់យ៉ាងក្នុងលទ្ធភាពទាំងអស់របស់ខ្លួន ដើម្បីពង្រឹងធ្លុងសាមគ្គីភាព ឯកភាពជាតិ, ថែរក្សាសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ, ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី, ការពាររបបរាជានិយមអាស្រ័យធម្មនុញ្ញ លើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ និងបន្តជំរុញការអភិវឌ្ឍ ប្រទេសជាតិឱ្យកាន់តែរីកចម្រើនឡើង ធ្វើឱ្យប្រជាជនមានជីវភាពកាន់តែសម្បូរសប្បាយ រស់នៅយ៉ាង
សុខដុមរមនាក្នុងសង្គមប្រកបដោយការគោរពតម្លៃមនុស្ស សេរីភាព និងយុត្តិធម៌។

សូមប្រគេនពរព្រះថេរា នុត្ថេរៈ គ្រប់ព្រះអង្គ និងសូមប្រសិទ្ធពរជូនបងប្អូនជនរួមជាតិទាំងនៅក្នុង ប្រទេស ទាំងនៅក្រៅប្រទេស សូមបានប្រកបនូវពុទ្ធពរ និងពរទាំង ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

...

ដោយ ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print