ប្រទេសអូស្ត្រាលី ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើការអរគុណដល់សហគមន៍ខ្មែរ រស់ក្នុងប្រទេសអូស្ត្រាលី និងនូវែលសេទ្បង់ ដែលបានសម្តែងនូវការគាំទ្រចំពោះ សុខសន្តិភាព នៅក្នុងប្រទេសដើមកំណើតរបស់ខ្លួន ប្រកបដោយស្មារតីនៃការរួបរួមជាតិខ្មែរតែមួយ ជាអត្ថន័យដ៏ថ្លៃថ្លាវិសេសមិនអាចកាត់ថ្លៃបាន និងជាកម្លាំងចិត្តដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ឱ្យបន្តខិតខំប្រឹងប្រែងបម្រើប្រជាជន និងប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើនលូតលាស់ឥតឈប់ឈរ
សូមបញ្ជាក់ថា ៖ នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅប្រទេសអូស្តាលី និងនូវែលសេទ្បង់ ចំនួនសរុបប្រមាណ ២.០០០នាក់ ។
មានប្រសាសន៍នៅក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើការគូសបញ្ជាក់អំពីសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាល អាណត្តិទី ៧ ខិតខំប្រឹងប្រែងក្នុងល្បឿនអតិបរិមា ស្របតាមទិសដៅត្រឹមត្រូវ និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺការពារសន្តិភាព ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ឱ្យបានគង់វង្ស និងបង្កើនភាពសម្បូរុងរឿងជូនប្រជាជន ។ សម្តេច បានធ្វើការសង្កត់ធ្ងន់ថា កត្តាសុខសន្តិភាព ដែលកម្ពុជាកំពុងមាននេះ ប្រៀបបានទៅនឹងខ្យល់ដែលមនុស្សត្រូវការជាចាំបាច់ប្រចាំថ្ងៃ ដើម្បីភាពរស់រាន្តមានជីវិត ។ ក្នុងន័យនេះ រាជរដ្ឋាភិបាល អាណតិ្តទី ៧ បេ្តជ្ញាបន្តថែរក្សាសុខសន្តិភាព ស្ថិរភាព ឱ្យបានគង់វង្សយូរអង្វែងតរៀងទៅ សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ។
លើសពីនេះ ដោយឈរលើមូលដ្ឋាន នៃគោលការណ៍ដឹកនាំ «សម្អាតផ្ទះយើង» ដើម្បីឱ្យក្រសួង-ស្ថាប័ន ពង្រឹងគុណភាពធនធានមនុស្សប្រកដោយ ភាពស្អាតស្អំ និងភាពជាគំរូនៃការអនុវត្តច្បាប់ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់អំពីការប្រកាសដាក់ចេញនូវវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការបង្កើនការត្រួតពិនិត្យជាប្រចាំ ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគបាលជាតិ និងយោធិន ព្រមទាំងមន្រ្តីជាប់កិច្ចសន្យាស្ថិតក្រោមឱវាទរបស់ខ្លួនលើការប្រើប្រាស់គ្រឿងញៀន ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀន ព្រមទាំងត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ យោធិន និងមន្ត្រីជាប់កិច្ចសន្យាដែលត្រូវបានរកឃើញថា មានការប្រើប្រាស់គ្រឿងញៀន ឬមានពាក់ព័ន្ធនឹងគ្រឿងញៀន ។ ទន្ទឹមនេះផងដែរ សម្តេចធិបតី ក៏បានបញ្ជាក់សារជាថ្មីនូវជំហរប្រឆាំងដាច់ខាតចំពោះការដាំដំណាំកញ្ឆា នៅតាមមូលដ្ឋានទូទាំងប្រទេស ដើម្បីធានាកម្ពុជាគ្មានការផលិតសាធារធាតុញៀន និងគ្មានការប្រើប្រាស់គ្រឿងញៀនផ្សំ ។ បន្ថែមលើនេះ ដើម្បីលើកស្ទួយស្ថានភាពសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម សម្តេចនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីការណែនាំដល់គណៈកម្មាធិការគ្រប់គ្រងល្បែងពាណិជ្ជកម្មនៅកម្ពុជា ឱ្យពិនិត្យ វាយតម្លៃ និងរៀបចំគោលការណ៍ និងវិធានការក្នុងការគ្រប់គ្រងអាជីវកម្មល្បែងគ្រប់ប្រភេទឱ្យបានហ្មត់ចត់ និងមានប្រសិទ្ធភាព សំដៅរួមចំណែកធានាបានល្អប្រសើរនូវសន្តិសុខ, សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម, ជាពិសេស កាត់បន្ថយឱ្យបានជាអតិបរមា និងបញ្ចៀសបានរាល់បាតុភាពអសកម្ម ឬផលប៉ះពាល់អវិជ្ជមានផ្សេងៗមកលើបរិយាកាសសង្គម ដែលបង្កឡើងដោយសកម្មភាពល្បែងស៊ីសងដែលធ្វើឱ្យបានប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ។
ជាចុងក្រោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើការអរគុណដល់សហគមន៍ខ្មែរ រស់ក្នុងប្រទេសអូស្ត្រាលី និងនូវែលសេទ្បង់ ដែលបានសម្តែងនូវការគាំទ្រចំពោះ សុខសន្តិភាព នៅក្នុងប្រទេសដើមកំណើតរបស់ខ្លួន ប្រកបដោយស្មារតីនៃការរួបរួមជាតិខ្មែរតែមួយ ជាអត្ថន័យដ៏ថ្លៃថ្លាវិសេសមិនអាចកាត់ថ្លៃបាន និងជាកម្លាំងចិត្តដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ឱ្យបន្តខិតខំប្រឹងប្រែងបម្រើប្រជាជន និងប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើនលូតលាស់ឥតឈប់ឈរ៕