ប្រទេសស្វីស÷ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ លោកបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម David K Anitok សមាជិកព្រឹទ្ធសភា និងជាប្រេសិតពិសេសរបស់ប្រធានាធិបតីនៃសាធារណរដ្ឋប្រជុំកោះម៉ាស្សល ក្នុងគោលបំណងស្នើដល់ភាគីនៃប្រជុំកោះម៉ាស្សលពិចារណាចូលរួមគាំទ្រ និងចូលរួមជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា។
ក្នុងជំនួបនោះ លោកបណ្ឌិត លី ធុជ បានស្នើឱ្យភាគីប្រជុំកោះម៉ាស្សលពិចារណាចូលរួមជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា ហើយកម្ពុជានឹងពិនិត្យឡើងវិញនូវជំពូកថ្មីក្នុងការផ្តល់សច្ចាប័នលើការចូលរួមអនុសញ្ញា។ ជាមួយគ្នានោះ ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទេសរដ្ឋមន្រ្តី លី ធុជ បានអញ្ជើញគណៈប្រតិភូនៃប្រជុំកោះម៉ាស្សល ចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ដែលកម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ។
លោក David K Anitok បានថ្លែងបញ្ជាក់ថា ប្រជុំកោះម៉ាស្សល បានយល់យ៉ាងច្បាស់អំពីផលប៉ះពាល់នៃគ្រាប់មីន ខណៈពេលដែលប្រជុំកោះមួយនេះប្រឈមមុខនឹងឥទ្ធិពលនៃអាវុធនុយក្លេអ៊ែរ។ ប្រជុំកោះម៉ាស្សល មានបំណងចង់ធ្វើឱ្យប្រសើរឡើងនូវសុខមាលភាពរបស់មនុស្ស ស្របតាមទិដ្ឋភាពមនុស្សធម៌នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)។
ជាការឆ្លើយតបតាមការស្នើសុំរបស់ លោកប្រធាន លី ធុជ ឱ្យចូលរួមជារដ្ឋភាគី លោកDavid K Anitok នឹងបញ្ជូនសំណើសុំសច្ចាប័នលើការចូលរួមអនុសញ្ញាទៅកាន់ប្រធានាធិបតីនៃសាធារណរដ្ឋប្រជុំកោះម៉ាស្សល ដើម្បីពិនិត្យ និងពិចារណា។ ជាមួយគ្នានោះ ប្រជុំកោះម៉ាស្សល នឹងពិចារណាចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ នាពេលខាងមុខ។
សូមញ្ជាក់ថា៖ ប្រជុំកោះម៉ាស្សល គឺជាប្រទេសគោលដៅមួយក្នុងចំណោមប្រទេសមិនទាន់ជារដ្ឋភាគីទាំង ៣៣ ដែលកម្ពុជាបានកំណត់ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ដើម្បីបញ្ចុះបញ្ចូលឱ្យចូលរួមជារដ្ឋភាគីនៃអនុសញ្ញា។ កម្ពុជា បានដាក់ចេញនូវវិធានការមួយចំនួន ក្នុងការជំរុញឱ្យមានសកលភាវូបនីយកម្មនៃអនុសញ្ញា ដើម្បីកៀរគរឱ្យប្រជុំកោះម៉ាស្សលក្លាយជារដ្ឋភាគីតាមរយៈកំណត់ទូត ការប្រើប្រាស់វេទិការកោះប៉ាស៊ីហ្វិក និងការស្វែងរកកិច្ចសហប្រតិបត្តិការនិងការគាំទ្រពីប្រទេសជាមិត្តទាក់ទងនឹងប្រទេសដែនកោះនានាក្នុងតំបន់ប៉ាស៊ីហ្វិក ជាដើម៕ដោយ÷ចន្ទ លីហ្សា