ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីបើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១។ វេទិកានេះរៀបចំដោយក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
បច្ចេកវិទ្យាឌីជីថល គឺជាវិស័យដ៏មានសារៈសំខាន់ក្នុងយុគសម័យបរិវត្តកម្មឌីជីថលនេះ ដើម្បីជំរុញដល់កិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលតាំងពីពេលសម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសមកម្ល៉េះ។ ក្នុងនីតិកាលថ្មីដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រួចមុំការងាររបស់រាជរដ្ឋាភិបាលលើឌីជីថលកាន់តែច្បាស់លាស់ ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ ក្នុងនោះបញ្ចកោណទី៥ បានផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។
ផ្អែកលើស្មារតីខាងលើនេះហើយ ទើបក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍រៀបចំឡើងនូវ «វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៤»។ វេទិកានេះ ធ្វើឡើងក្នុងគោលបំណងចែករំលែកបទពិសោធន៍នៃការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងអ្នកជំនាញបរិវត្តកម្មឌីជីថលនៃបណ្តាប្រទេសក្នុងតំបន់ ក៏ដូចជាការបង្ហាញអំពីសមិទ្ធផលរបស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលកម្ពុជា ដែលបានបង្កើតឡើងរយៈពេលប្រមាណ១៨ខែកន្លងមកនេះស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា២០២២-២០៣៥ ជាពិសេសបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
វេទិកានេះត្រូវបានបែងចែកចេញជាពីរផ្នែក ដែលផ្នែកទី១ជាទម្រង់សិក្ខាសាលា ដែលមានការរៀបចំកិច្ច ពិភាក្សា និងការចែករំលែកអំពីប្រធានបទសំខាន់ៗ ពីវាគ្មិនជាតិ និងអន្តរជាតិពាក់ព័ន្ធទិដ្ឋភាពគោលនយោបាយ និន្នាការនៃការរីកចម្រើនរបស់បច្ចេកវិទ្យាឌីជីថល ការផ្លាស់ប្ដូរបទពិសោធន៍ និងឧត្តមានុវត្តនៃការ ជំរុញល្បឿនបរិវត្តកម្មឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ។
ផ្នែកទី២ ជាទម្រង់ពិព័រណ៍ឌីជីថល ដែលមានការតាំងពិព័រណ៍ពីបច្ចេកវិទ្យាឌីជីថល ផលិតផល និងដំណោះស្រាយបម្រើឱ្យរដ្ឋាភិបាលឌីជីថល ដែលមានការចូលរួមពីក្រសួងស្ថាប័ន និងក្រុមហ៊ុនជាតិ និងអន្តរជាតិផងដែរ៕ដោយ៖តារា