ខេត្តកណ្តាល ៖ ក្នុងឱកាសអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ព្រលានយន្តហោះអន្តរជាតិតេជោដែលកំពុងសាងសង់នៅពេលនេះ គឺជានិមិត្តរូបនៃការរីកចម្រើនរបស់ប្រទេសកម្ពុជាយើង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖ ព្រលានយន្តហោះអន្តរជាតិតេជោដែលសាងសង់នៅទីនេះ នឹងផ្តល់ផលប្រយោជន៍សម្រាប់ជួយដល់សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាជនទូទាំងប្រទេស។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហាញក្តីសង្ឃឹមថា ការហោះហើរត្រង់ជាមួយបណ្ដាប្រទេសជាច្រើននឹងកើតឡើងបន្ថែមទៀត បន្ទាប់ពីគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោដាក់ឲ្យដំណើរការ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា៖ «ខ្ញុំបានចរចាជាមួយប្រទេសអូស្ត្រាលី, ជាមួយ ឥណ្ឌា, ឥណ្ឌូណេស៊ី, ហ្វីលីពីន និងប្រទេសជាច្រើនទៀត ដើម្បីបើកឱ្យមានដំណើរការហោះហើរត្រង់ ទៅមករវាងកម្ពុជា ជាមួយនឹងបណ្ដាប្រទេសទាំងនោះ»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័នទាំងអស់ ដែលបានរួមគ្នាធ្វើការដោះស្រាយបញ្ហាផ្សេងៗ និងធ្វើឱ្យការការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ អាចដំណើរការទៅបានដោយរលូន និងប្រកបដោយសមិទ្ធផលរហូតមកដល់ពេលនេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ គឺត្រូវបន្តរហូតទោះបីជាអំឡុងពេលការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ក៏ដោយ គឺមិនបានឈប់សម្រាកនោះទេ។ ខណៈវឌ្ឍន្នភាពជំហានទី១នៃការសាងសងជំហានទី១នេះ គឺសម្រេចបានជាង ៦៦% និងបានចំណាយទឹកប្រាក់សរុបសម្រាប់ការសាងសង់ប្រមាណ ១ ពាន់លានដុល្លារហើយ៕