ខេត្តកណ្តាល ៖ ក្នុងឱកាសអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងកោតសរសើរ និងបង្ហាញមោទនភាពចំពោះសមិទ្ធផលព្រលានយន្តហោះអន្តរជាតិតេជោ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយើង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា ធ្លាប់មានព្រលានយន្តហោះខ្នាតធំផងដែរកាលពី៦៥ឆ្នាំមុន ប៉ុន្តែនៅឆ្នាំខាងមុខនេះ ប្រទេសកម្ពុជាយើង ក៏នឹងបើកដំណើរការព្រលានយន្តហោះខ្នាតធំជាប្រវត្តិសាស្រ្តនេះនៅប្រទេសយើងផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា សម្តេចធ្លាប់បានឃើញព្រលានយន្តហោះធំច្រើនហើយ តែមិនរំភើបដូចឃើញព្រលានយន្តហោះអន្តរជាតិតេជោនោះឡើយ ព្រោះជារបស់ខ្មែរ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្លែងថា ៖ អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបាន រចនាគូរប្លង់ដោយក្រុមហ៊ុនលំដាប់កំពូលមួយនៅអង់គ្លេស។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តថា ៖ យើងត្រូវតែមានមោទនភាព សូម្បីតែកម្មករ ដែលកំពុងសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ក៏ត្រូវតែមានមោទកភាពចំពោះការសាងសង់ ព្រលាននេះដែរ ដោយសារបានចូលរួមកសាងសមិទ្ធផលប្រវត្តិសាស្ត្រដ៏សំខាន់នេះ។ ផលពីព្រលាន នេះ នឹងបានដល់ពលរដ្ឋនៅទូទាំងប្រទេស និងរាប់សិបឆ្នាំទៅមុខទៀត។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា ឆ្នាំនេះ រាជរដ្ឋាភិបាលកំពុងជំរុញខេត្តសៀមរាប លើវិស័យទេសចរណ៍ និងខេត្តព្រះសីហនុ លើការវិនិយោគ ដោយទាក់ទាញវិនិយោគជាច្រើនមកបណ្ដាក់ទុននៅខេត្តព្រះសីហនុ និងឈានទៅបង្កើតខេត្តព្រះសីហនុ និងសៀមរាប ជាពូលសេដ្ឋកិច្ចពិសេសរបស់ជាតិ៕