ខេត្តកណ្តាល ៖ ក្នុងឱកាសអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ការប្រើពាក្យមន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចដោយវិទ្យុមួយនៅក្រៅប្រទេស គឺមិនមានវិជ្ជាជីវៈនោះទេ ហើយមន្រ្តីរបស់រាជរដ្ឋាភិបាល គឺបានយល់ច្បាស់ពីការអភិវឌ្ឍគម្រោងព្រែកជីកហ្វូណនតេជោដែលនឹងផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖ គម្រោងព្រែកជីកហ្វូណនតេជោ មិនមែនខ្ចីប្រាក់ពីបរទេសមកធ្វើការអភិវឌ្ឍនោះទេ គឺធ្វើឡើងតាមរយៈ BOT ហើយសម្តេចក៏មិនជឿថា មន្រ្តីរាជរដ្ឋាភិបាលល្ងង់ដល់ថ្នាក់មិនស្គាល់ពាក្យ BOT នោះទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលមានចក្ខុវិស័យខ្ពស់ក្នុងគម្រោងអភិវឌ្ឍន៍នានា ទាំងផ្លូវអាកាស ផ្លូវទឹក និងផ្លូវគោកដើម្បីជំរុញកំណើនសេដ្ឋកិច្ចនិងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសាទរចំពោះសមិទ្ធិផលអាកាសយានដ្ឋានអន្តរជាតិតេជោ ជាសក្ខីភាពនៃវឌ្ឍនភាពរបស់កម្ពុជាដែលជានិមិត្តរូបនៃចក្ខុវិស័យរបស់សម្តេចតេជោក្នុងការអភិវឌ្ឍន៍តំបន់ភាគនិរតី។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថាការវិនិយោគលើការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីមួយនេះ គឺជាសញ្ញានៃសន្តិភាពយូរអង្វែងរបស់កម្ពុជា។សម្តេចនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា «ប្រទេសមានសន្តិភាព ទើបអ្នកវិនិយោគហ៊ានមកវិនិយោគសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីមួយនេះ»។
សម្តេចបានបញ្ជាក់ថាការអភិវឌ្ឍអាកាសយានដ្ឋានឈរជាសក្ខីភាពនៃការរីកចម្រើនរបស់ប្រទេសកម្ពុជា ជាការរៀបរាប់ដែលសម្តេចមានមោទនភាពដោយមិនខ្លាចអួតទៅកាន់ឆាកពិភពលោក។
លើសពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះគុណភាពសំណង់ដ៏វិសេសវិសាលនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមើលឃើញពីអត្ថប្រយោជន៍ដ៏ទូលំទូលាយសម្រាប់ជាតិទាំងមូល ដែលជាសក្ខីភាពនៃមោទនភាពរួមរបស់អ្នកពាក់ព័ន្ធទាំងអស់។
ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ កម្រិត៤F បានចាប់ផ្តើមនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ លើផ្ទៃដីទំហំ ២,៦០០ហិកតា នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ។ គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ សម្រេចការសាងសង់បានប្រមាណ ៦៦.១% គួរឱ្យចាប់អារម្មណ៍ ហើយបានចំណាយទឹកប្រាក់សរុបលើការសាងសង់ចំនួន ៩៦១ លានដុល្លារនៃការវិនិយោគដែលបានគ្រោងទុកចំនួន ១.៥ពាន់លានដុល្លារ ៕