សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ​ បន្តបង្ក្រាបប្រហិតចម្រុះ​៧៨៣គីឡូក្រាម ដែលឈ្មួញលួចនាំចេញពីប្រទេសថៃមកកម្ពុជា

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ៖ ប្រហិតចម្រុះ​ចំនួន​ ៧៨៣គីឡូក្រាម ដែលឈ្មួញលួចនាំចេញពីប្រទេសថៃមកកម្ពុជា ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ ចុះស្រាវជ្រាវបង្ក្រាប​បាន​រួចយកទៅដុតបំផ្លាញចោល​  រសៀលថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៤ នៅបរិវេណដីឡូត៍មួយកន្លែងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។

លោកវរសេនីយ៍ឯក​ រស់ អៀម ស្នងការរងស្តីទីនិងជានាយ​ការិយាល័យ​នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច​ នៃ​ស្នងការ​នគរបាលខេត្តបន្ទាយមានជ័យ​ ថ្លែងឱ្យដឹងថា  ដោយ​មានការចង្អុលបង្ហាញនិងអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ​ សិទ្ធិ ឡោះ  ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលប្រឆាំងបទល្មើស​សេដ្ឋកិច្ចនៃ​ស្នងការដ្ឋានខេត្ត បានសហការជាមួយក្រុមអន្តរាគមការិយាល័យផលិតកម្ម​ ,មន្រ្តីបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខា​ប្រមាញ់​ និងសមត្ថកិច្ចកជំនាញការពារអ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ(កបប) សាខាខេត្ត​បន្ទាយ​មានជ័យ  និងក្រោម​កិច្ចសម្របសម្រួលពីលោក ហេង ផេង ព្រះរាជអាជ្ញារង នៃ​អយ្យការ​អមសាលាដំបូងខេត្តបន្ទាយមានជ័យ បានធ្វើការដុត​កម្ទេច​ចោលផលិតផលប្រហិតចម្រុះ ទម្ងន់សរុប ៧៨៣គីឡូក្រាម ។

ដោយ​ឡែក​បើតាមអ្នកបើកបររថយន្តឈ្មោះ​ ម៉ៅ ម៉េត  ភេទប្រុស អាយុ៥៣ឆ្នាំ ក្រោយសមត្ថកិច្ចឃាត់បានអះអាងថា ផលិតផលប្រហិតចម្រុះនោះ មាន:១-ប្រហិតចម្រុះ(រុំថង់បិទស្គុត)  ចំនួន៦២៦គក្រ ២-សាច់​មាន់​និងចុងស្លាបមាន់. ចំនួន១២៨គក្រនិង៣-សាច់ជ្រូកចង្កាក់ ចំនួន ២៩គ.ក្រ ។

លោកវរសេនីយ៍ឯក​ រស់ អៀម​ បានឱ្យដឹងទៀតថា​ ផលិតផលនេះ នាំចូលដោយគ្មានលិខិតឬការអនុញ្ញាត​ពីអាជ្ញាធរ​មានសមត្ថកិច្ចពីប្រទេសថៃក្នុងភូមិសាស្ត្រ​ស្រុកថ្មពួក គឺឈ្មួញលួចនាំចេញពីប្រទេសថៃមកកម្ពុជា ដោយផ្ទុកលើរថយន្តល្មើស ម៉ាកតូយ៉ូតា កាមរី​ចង្កូតស្តាំ ពណ៌ស្លាបក្អែក ពាក់ស្លាកលេខ ក្រុងប៉ៃលិន 2A-0213 ត្រូវបានសមត្ថកិច្ចចម្រុះឃាត់ចាប់បានកាលពីវេលាម៉ោង១៨និង១០នាទី យប់ថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៤ នៅចំណុចមុខ​វត្តរលំជ្រៃ ស្ថិតភូមិឯកភាព ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

ដោយឡែកអនុប្រធានសាខាខេត្តបន្ទាយមានជ័យ​ លោក លន់ ស៊ីថា បានឱ្យដឹងដែរថា វត្ថុតាងល្មើសខុសច្បាប់ ទី១-នាំចូលដោយគ្មានការអនុញាតច្បាប់នៃជំនាញ.ក.ប.ប ក៏ដូច​ជាជំនាញកសិកម្ម និងទី២-ការវេចខ្ចប់ ដឹកជញ្ជូនមិនស្រប​តាមបទដ្ឋានបច្ចេកទេស ដូចជាគេត្រូវរក្សាវាក្នុងកន្លែងឬ​បន្ទុកដែលមានសីតុណ្ហភាពក្រោម៧អង្សារសេ ។​ បើ​ខុស​ដូច្នេះ  ផលិតផលនឹងខូចគុណភាព ហើយបង្កប៉ះពាល់​ដល់សុខភាពអ្នកប្រើប្រាស់ ។​ ទេីបសមត្ថកិច្ចជំនាញ​ ចុះទប់ស្កាត់បង្ក្រាប​ និងយកទៅដុតបំផ្លាញចោលផលិតផលវត្ថុតាងល្មើស ។ រីឯមធ្យោបាយដឹកជញ្ជូននិងជនសង្ស័យជាម្ចាស់និងអ្នកបើកបររថយន្តត្រូវប្រគល់ជូនអយ្យការអមសាលាដំបូងខេត្តដើម្បីពិនិត្យនិងសម្រេចតាមនីតិវិធី ។

គួររម្លឹកដែរថា​ កម្លាំង​ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច​ នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងបានការឯកភាពពីលោក​កើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​ កាលពីថ្ងៃទី២៩ខែកុម្ភ:ឆ្នាំ២០២៤កន្លងទៅនេះ​ បានបំផ្លាញចោលផលិតផលប្រភេទយ៉ាអួរម៉ាកDUTCHE ដែលលួចនាំចូលនាំចូល ស្តុកនិងចែក​ចាយ​រំលោភលើកម្មសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុនយូអិនធីហូលលេស ដូអិលធីឌី(UNIT WHOLE SALE Co.,Ltd ) ចំនួន ១០ដុំ​ធំស្មើនឹង៨០កេះតូច។ទំនិញនេះត្រូវបានបង្ក្រាបកាលពីថ្ងៃ​ទី២៣​ខែកុម្ភ:ឆ្នាំ២០២៤ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print