ខេត្តកំពត ៖ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានលើកឡើងថា ក្រៅពីសំណង់អគារបន្សល់ទុកពីសម័យអាណានិគមនិយមបារាំង ខេត្តកំពតមានតំបន់កសិ-ទេសចរណ៍ចំការម្រេច(ឃុំកូនសត្វ) ដែលជាទីកន្លែងទាក់ទាញទេសចរបរទេសរាប់រយនាក់ ទៅទស្សនាក្នុងមួយថ្ងៃៗ ហើយតាមការរំពឹងទុកទៅថ្ងៃមុខដ៏ខ្លី វាលស្រែអំបិល នឹងក្លាយជាតំបន់កសិ-ទេសចរណ៍ដ៏ទាក់ទាញថ្មីមួយបន្លែមទៀត ខណៈបច្ចុប្បន្នមានទេសចរបរទេសទៅទស្សនាច្រើន។
លោកប្រធានមន្ទីរទេសចរណ៍ខាងលើ បានប្រាប់ឱ្យដឹងទៀតថា បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ មានភាពល្អប្រសើរ ចំនួនភ្ញៀវទេសចរដែលមកកម្សាន្តក្នុងកំពតចាប់ផ្តើមមានកំណើនឡើងបន្តិចម្តងៗ វិលទៅរកភាពប្រក្រតី ពិសេសភ្ញៀវបរទេស។ លោកថា នៅខែមករា ឆ្នាំ២០២៤នេះកន្លងទៅ ភ្ញៀវទេសចរបរទេសមានចំនួន ៨ពាន់នាក់, នៅខែកុម្ភៈ កើនដល់ ១ម៉ឺន ២ពាន់នាក់ និងថានៅខែមីនានេះ សន្ទុះភ្ញៀវនៅតែបន្តកើនឡើង។
លោកបានបន្ថែមថា ក្រៅពីដើរទស្សនាសំណង់អគារបុរាណដែលបន្សល់ទុកពីសម័យអាណានិគមបារាំង និងទស្សនាតំបន់ចំការម្រេច ភ្ញៀវបរទេសស្ទើរតែទាំងអស់បានធ្វើដំណើរទៅទស្សនាវាលស្រែអំបិល នៅឃុំជុំក្រៀល ស្រុកទឹកឈូ ដើម្បីសិក្សាស្វែងយល់ពីរបៀបផលិតអំបិលធម្មជាតិ ដែលបានបន្សល់ទុករាប់រយឆ្នាំមកហើយ។ ហើយបើទោះបីជាបច្ចុប្បន្ន ស្រែអំបិលនៅមិនទាន់មានការរៀបចំឱ្យមានលក្ខណៈជាស្តង់ដាសម្រាប់ទទួលទេសចរក្តី ប៉ុន្តែម្ចាស់ស្រែអំបិលដែលនៅជាប់ផ្លូវបានបង្កើតអាហារដ្ឋាន និងហាងការហ្វេជាច្រើន ដើម្បីបម្រើដល់ភ្ញៀវទេសចរដែលមកហាត់ប្រាណ មកអង្គុយស្រូបយកខ្យល់អាកាស និងមើលថ្ងៃលិចជាដើម។
លោកប្រធានមន្ទីរបានបញ្ជាក់ថា ក្រោមការចង្អុលបង្ហាញ និងការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត លោកជឿជាក់ថា តំបន់វាលស្រែអំបិលឃុំជុំគ្រៀលទៅថ្ងៃមុខ នឹងត្រូវបានរៀបចំឱ្យក្លាយជាតំបន់កសិ-ទេសចរណ៍ដ៏ទាញថ្មីមួយទៀត ព្រោះទីតាំងនេះនៅក្បែរក្រុង ហើយជាប់តំបន់ឆ្នេរកម្សាន្តកោះស្មៅ ពិសេសនៅពេលកំពង់ផែទេសចរណ៍អន្តរជាតិបើកឱ្យដំណើរការ តំបន់ស្រែអំបិលជុំគ្រៀល ពិតជាកាន់តែមានភាពទាក់ទាញថែមទៀត។
បើតាមការបញ្ជាក់របស់មន្ត្រីជំនាញថា មជ្ឈមណ្ឌលពិព័រណ៍អំពិលកម្ពុជា នឹងបើកឱ្យភ្ញៀវចូលទស្សនាឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីបានបិទផ្អាកដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩កន្លងទៅ។
យោងតាមរបាយការណ៍របស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពត បានឱ្យដឹងថា ខេត្តកំពតមានផ្ទៃដីស្រែអំបិលជាង ៣ពាន់ហិកតា ហើយឆ្នាំនេះ ដោយសារតែអាកាសធាតុអំណោយផលសម្រាប់ការផលិតអំបិល គិតត្រឹមថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ ទិន្នផលអំបិលប្រមូលបានសរុបប្រមាណជាង ២ម៉ឺនតោន ខណៈមន្ត្រីជំនាញរំពឹងថាឆ្នាំនេះ ខេត្តកំពតនឹងអាចផលិតអំបិលបានប្រមាណ ១០ម៉ឺនតោន ប្រសិនបើអាកាសធាតុនៅតែអំណោយផលដល់ចុងខែដែលផលិតអំបិល៕