ខេត្តកំពង់ឆ្នាំង៖ យុវជនជាជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកជាច្រើននាក់ ត្រូវបានសមត្ថកិច្ច ដេញព័ទ្ធចាប់ ក្នុងពេលដែលពួកគេកំពុងតែធ្វើសកម្មភាពប្រើប្រាស់ និងចែកចាយគ្រឿងញៀន នៅក្នុងភូមិសាស្រ្ត ភូមិត្រពាំបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៤៥នាទីព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ ។
ជនសង្ស័យ ដែលសមត្ថកិច្ចដេញចាប់បាននេះមានឈ្មោះ ចេង ច័ន្ធមុន្នី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ ចំណែកបក្ខពួកជាច្រើននាក់ទៀត ដែលរត់គេចខ្លួន នោះសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវតាមចាប់ខ្លួន យកមកអនុវត្តតាមនីតិវិធី ។
ជនសង្ស័យពាក់ពន្ធ័នឹងគ្រឿងញៀនម្នាក់ ក្នុងចំណោមគូកន៣នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុង និងខេត្តព័ទ្ធចាប់ឃាត់ខ្លួនបាន រូបគេ និងគូកន កំពុងចែកចាយ និងប្រើប្រាស់ គ្រឿងញៀន។
សមត្ថកិច្ចបានអោយដឹងទៀតថា នៅមុនពេល ដែលសមត្ថកិច្ចចុះទៅដល់ ក្រុមជនសង្ស័យ បានជុំគ្នាសម្ងំប្រើប្រាស់ និងចែកចាយថ្នាំញៀន នៅផ្ទះឈ្មោះ គង់ សុគន្ឋា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិត្រពាំងបី ។ ក្នុងពេលនោះកំលាំងសមត្ថកិច្ចនគរបាល នាំគ្នាឡោមព័ទ្ធចាប់បានជនសង្ស័យ១រូបនេះ នៅចំណុចកើតហេតុខាងលើ តែជនសង្ស័យជាគូកន និងបក្ខពួក២នាក់ទៀត ដឹងខ្លួនរត់គេចអស់ ។ នៅក្នុងកិច្ចបង្ក្រាបនេះសមត្ថកិច្ចដកវហូតបានរួមមាន ថ្នាំញៀនម៉ាទឹកកក១កញ្ចប់ ម៉ូតូ២គ្រឿង កាំបិត២ដើម និងឧបករណ៍ សម្រាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួនទៀត ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចបានកសាងសុំរឿងបញ្ជូនទៅតុលាដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ដោយ៖ ចន្ថា