ខេត្តសៀមរាប ៖ តំណាងអយ្យការ អមសាលាដំបូងខេត្តសៀមរាប បានធ្វើការចោទប្រកាន់ជាផ្លូវការ លើជនសង្ស័យឈ្មោះ ឡេង ចាន់ណា និងបក្ខពួក ចំនួន ៣ បទល្មើស ។ នេះបើយោងសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប នៅល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ។
សូមបញ្ជាក់ថា ៖ ជនសង្ស័យឈ្មោះ ឡេង ចាន់ណា និងបក្ខពួកត្រូវបានសាលាដំបូងខេត្តសៀមរាបចោទប្រកាន់ចំនួន ៣ ករណី៖ ១-ឆបោកមានស្ថានទម្ងន់ទោស (ប្រព្រឹត្តដោយក្រុមមានការចាត់តាំង) ២-មិនបំពេញកាតព្វកិច្ចឧបករណ៍ដែលអាចជួញដូរបាន និង ៣-សម្អាតប្រាក់។ ចំណាត់ការផ្លូវច្បាប់នេះ បង្ហាញថា អ្នកណាប្រព្រឹត្តខុស គឺ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់!
អ្នកនាំពាក្យអយ្យការអមដំបូងខេត្តសៀមរាបចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការចោទប្រកាន់ជនសង្ស័យឈ្មោះ ឡេង ចាន់ណា និងបក្ខពួក ។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនបណ្តាញសារ ព័ត៌មាន និងសាធារណជនឱ្យបានជ្រាបថា៖ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចនៃស្នងការដ្ឋាន នគរបាលខេត្តសៀមរាប បានឃាត់ខ្លួនឈ្មោះ ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុន ប្រ៊ីលានស៊ីធី វើលដ៍ ឯ.ក និងបក្ខពួក តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់អយ្យការអមសាលាដំបូងខេត្តសៀមរាប ក្នុង សំណុំរឿងព្រហ្មទណ្ឌលេខ ១២៣៦ ចុះថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ និងសំណុំរឿងព្រហ្មទណ្ឌលេខ ២៣១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ របស់អយ្យការអមសាលាដំបូងខេត្តសៀមរាប ។
បន្ទាប់ពីបានធ្វើការស្តាប់ចម្លើយ ពិនិត្យភស្តុតាង និងឯកសារពាក់ព័ន្ធនានានៅក្នុងសំណុំរឿង តំណាងអយ្យការ បានសម្រេចធ្វើការចោទប្រកាន់ទៅលើជនសង្ស័យ រួមមាន ៖
១.ឈ្មោះ ឡេង ចាន់ណា ភេទស្រី អាយុ៣៦ឆ្នាំ ជាអគ្គនាយិកា
២.ឈ្មោះ ចាន់ ឃីន ភេទប្រុស អាយុ៣០ឆ្នាំ ជាអគ្គនាយករង
៣.ឈ្មោះ ផុន សាមាន ភេទប្រុស អាយុ៣១ឆ្នាំ ជាអគ្គនាយករង
៤. បក្ខពួក
ពីបទ៖ ១.ឆបោកមានស្ថានទម្ងន់ទោស (ប្រព្រឹត្តដោយក្រុមមានការចាត់តាំង) តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ ។
២. មិនបំពេញកាតព្វកិច្ច ឧបករណ៍ដែលអាចជួញដូរបាន (ចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់)តាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពី ឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ។
៣.សម្អាតប្រាក់ តាមបញ្ញត្តិមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិញ្ញប្បទាន ភេរវកម្ម។
តំណាងអយ្យការ បានបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធី។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបណ្តាញសារព័ត៌មាន និងសាធារណជនទាំងអស់មេត្តាជ្រាប ជាព័ត៌មាន ៕
ដោយ ៖ សិលា