ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើហ្វេសបុកសម្តេចមុននេះបន្តិចថាៈ ស្ពានមិត្តភាព កម្ពុជា-ចិន ឬ ស្ពានព្រែកតាមាក់ ដែលស្ថិតនៅភាគខាងកើតឈៀងខាងជើងរាជធានីភ្នំពេញដែលបានតភ្ជាប់ផ្លូវជាតិចំនួន២ (គឺផ្លូវជាតិលេខ ៦A និងចំណុចចាប់ផ្តើមនៃផ្លូវជាតិលេខ ៨) ដែលបានតភ្ជាប់ចរាចរណ៍រវាងស្រុកមុខកំពូល និងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ស្ពាននេះមានប្រវែង ១០៦៦ ម៉ែត្រ ទទឹង ១៣.៥ ម៉ែត្រ ដែលបានដាក់ឲ្យប្រើប្រាស់នៅឆ្នាំ ២០១១ ចំណាយថវិកាប្រមាណ ៤៣.៥ លានដុល្លារ។ ស្ពាននេះគឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ដែលបានកាត់បន្ថយការចំណាយថវិកា និងពេលវេលានៃការធ្វើដំណើរយ៉ាងច្រើនដល់ប្រជាពលរដ្ឋ អាជីវករ ក៏ដូចជាអ្នកវិនិយោគទុននៅកម្ពុជា។ កាលពីមុនមធ្យោបាយដឹកជញ្ជូនទាំងអស់ត្រូវរង់ចាំឆ្លងសាឡាង។ ដើម្បីសម្រួលការកកស្ទះចរាចរណ៌នៅគល់ស្ពាន រាជរដ្ឋាភិបាលបានសម្រេចតស្ពានអាកាសឆ្លងកាត់ពីលើផ្លូវជាតិលេខ ៦A បន្ថែមទៀតដែលធ្វើអោយការធ្វើដំណើររបស់ប្រជាពលរដ្ឋកាន់តែងាយស្រួលទៅ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បន្តខិតខំប្រឹងប្រែងបន្តស្តារ និងអភិវឌ្ឍថ្មីនូវវិស័យគោលទាំង ៤ “មនុស្ស ផ្លូវ ទឹក ភ្លើង” ដែលជាយុទ្ធសាស្ត្រសំខាន់ក្នុងនាំយកកម្ពុជាឲ្យកាន់តែមានមុខមាត់ក្នុងឆាកអន្តរជាតិ។ ទន្ទឹមនឹងនេះ សូមបងប្អូនប្រជាពលរដ្ឋជួយថែរក្សាស្ពានថ្នល់ បើកបរកុំល្មើសច្បាប់ចរាចរណ៌ដែលនាំមកនូវគ្រោះថ្នាក់ដល់អាយុជីវិត និងសូមកុំដឹកលើសទម្ងន់កំណត់ដែលនាំឲ្យខូចខាត ស្ពានថ្នល់របស់យើង៕
ដោយ៖ សុខ ខេមរា