ភ្នំពេញ ៖ នៅក្នុងពិធីក្រុងពាលីសម្រាប់ការបើកព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨នៅខេត្តសៀមរាប ដែលបានប្រារព្ធកាលពីរសៀលថ្ងៃសុក្រទី១៥ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកសុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យទន្លេ ព្រមទាំងលោក លោកស្រី ជាច្រើនរូបទៀត ។
ក្នុងពិធីបុណ្យទន្លេលើកទី៨ ឆ្នាំនេះរៀបចំឡើងក្រោមប្រធានបទ«ទន្លេដើម្បីសន្តិភាពនិងការអភិវឌ្ឍ»ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០២៤នាដងស្ទឹងក្រុងសៀមរាបចាប់ពីចំណុចសួនច្បារជិតវិហារព្រះអង្គចេកព្រះអង្គចមរហូតដល់ចំណុចស្ពានរង្វង់មូលវត្តដំណាក់ផ្សារចាស់។ នៅល្ងាចថ្ងៃសៅរ៍ទី១៦ ខែមីនា ពិធីបើកនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ។
គួររំលឹកថា តាមការសម្រេចរបស់រាជរដ្ឋាភិបាល បុណ្យទន្លេត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ លើកលែងតែឆ្នាំ២០២១ និង២០២២ ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលពុំអាចជួបជុំគ្នាបាន។បុណ្យទន្លេលើកទី១ឆ្នាំ២០១៥ ប្រារព្ធនៅខេត្តក្រចេះ ,លើកទី២ ឆ្នាំ២០១៦នៅខេត្តស្ទឹងត្រែង , លើកទី៣ ឆ្នាំ២០១៧ ដោយធ្វើរួមគ្នារវាងខេត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំ,លើកទី៤ឆ្នាំ២០១៨នៅខេត្ត
កណ្តាល, លើកទី៥ ឆ្នាំ២០១៩នៅខេត្តកំពង់ឆ្នាំង , លើកទី៦ ឆ្នាំ២០២០នៅខេត្តបាត់ដំបង និងលើកទី៧ឆ្នាំ២០២៣នៅខេត្តកំពង់ធំ ។
ការប្រារព្ធបុណ្យទន្លេក្នុងគោលបំណងបំផុសចលនាមហាជនឱ្យចូលរួមក្នុងការងារអភិវឌ្ឍន៍ និងអភិរក្សធនធានទន្លេប្រកបដោយនិរន្តរភាព និងចូលរួមសម្របយុទ្ធនាការពិពិធកម្មទេសចរណ៍ តាមរយៈកាបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ សម្រាប់ខេត្តតាមដងទន្លេនៃកម្ពុជា ។សម្រាប់ខេត្តសៀមរាប នេះជាលើកទី១ ដែលធ្វើជាម្ចាស់ផ្ទះ ស្របពេលនៃយុទ្ធនាការទស្សនាសៀមរាបឆ្នាំ២០២៤ ក៏ជួនគ្នានឹងការរៀបចំព្រឹត្តិការណ៍ក្រុមកីឡារត់ប្រណាំង Raid Amazones លើកទី៤ មកពីបណ្តាប្រទេសនិយាយភាសាបារាំង ចំនួន២៧៦នាក់ បានមកជួបជុំគ្នានៅខេត្តសៀមរាបផងដែរ ។
ពិធីបុណ្យទន្លេឆ្នាំនេះដែរ ក៏មានការតាំងពិព័រណ៍ផលិតនានាប្រមាណ៥០០ស្តង់ មានការសម្តែងសិល្បៈ ការប្រគំតន្ត្រីដោយចូលរួមពីក្រុមសិល្បករ សិល្បការិនី តារាចម្រៀងជាតិ និងអន្តរជាតិល្បីៗ និងកម្មវិធីជាច្រើនថែមទៀត ព្រមទាំងមានការអុជកាំជ្រួចអបអរសាទរផងដែរ។
ក្រសួងទេសចរណ៍រំពឹងទុកថា តាមរយៈព្រឹត្តិការណ៍នេះ ខេត្តសៀមរាបនឹងទទួលបានភ្ញៀវទេសចរប្រមាណមួយលាននាក់៕ ដោយ ៖ ភារ៉ា ដង្កោ