ភ្នំពេញ៖ លោក ហេង មាលី ប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ សហការជាមួយនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. និងគណៈកម្មាធិការផ្សារ ដើមគរ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ បាននាំយករថយន្ត ពិសោធន៍ចល័តផ្នែកម្ហូបអាហារចុះត្រួតពិនិត្យ និងដកយកសំណាកគំរូ ចំនួន២៩ រួមមាន៖ បន្លែ ផ្លែឈើ គ្រឿងសមុទ្រ ត្រីងៀត សាច់ក្រក ប្រហុកផ្អក មើមខ្ទឹមសរ សាច់ សរសៃគុយទាវ មី ឈាមជ្រូក ជាដើម ដើម្បីយកមកវិភាគ នៅក្នុងរថយន្តពិសោធន៍។
បេីតាមការបញ្ជាក់ពីប្រធានសាខា ក.ប.ប.រាជធានីភ្នំពេញ បានឱ្យដឹងថា ជាលទ្ធផល បានរកឃើញ ផលិតផល ឈាមជ្រូក មានវត្តមានសារធារធាតុគីមីហាមឃាត់ បូរ៉ាក់ចំនួន ១៨គីឡូក្រាម និងស្ករសូកូឡាហួសកាលបរិច្ឆេទចំនួន៧ ប្រអប់ស្មើ១.៧៥គីឡូក្រាម ត្រូវបានដកហូតតាមនីតិវិធី ព្រមទាំងបានអប់រំ ណែនាំ ធ្វើកិច្ចសន្យាឱ្យបញ្ឈប់ នូវការប្រើប្រាស់សារធាតុគីមីហាមឃាត់ជាបន្ទាន់។ ករណីពិនិត្យឃើញមានលើកក្រោយទៀត នឹងប្រឈមចំពោះមុខច្បាប់ជាធរមាន។
ក្នុងប្រតិបត្តិការនោះ ដោយមានការយកចិត្តទុកដាក់ពីលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដើម្បីធានាសុវត្ថិភាពម្ហូបអាហារ សុខភាពប្រជាពលរដ្ឋ និងតាមការណែនាំរបស់លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ស្តីពីការអនុវត្តយុទ្ធនាការ ចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពផលិតផលទំនិញ ពិសេសម្ហូបអាហារ នៅតាមបណ្តាទីផ្សារ នានាក្នុងក្របខណ្ឌទូទាំងប្រទេស។
ក្នុងឱកាសនោះដែរ លោក គង់ វុទ្ធី អនុប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ ក៏បានពន្យល់ អប់រំ ណែនាំដល់ក្រុមអាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ ត្រូវមានឯកសារពាក់ព័ន្ធច្បាស់លាស់ជាមុនសិន មុននឹងទទួលទិញយកមកលក់បន្ត ហើយកុំឱ្យមានការ ដាក់លាយបន្ថែម នូវសារធាតុគីមីហាមឃាត់ណាមួយដែលមិនមានបទប្បញ្ញត្តិបច្ចេកទេសទៅលើផលិតផល ម្ហូបអាហារ នាំឱ្យប៉ះពាល់ដល់សុខភាព សុវត្ថិភាពអ្នកប្រើប្រាស់ និងបានបន្តណែនាំដល់ អាជីវករទាំងអស់ឱ្យដាក់តាំងលក់ ផលិតផលទំនិញឱ្យត្រូវតាមលក្ខណៈបច្ចេកទេស ដោយញែកដាច់ចេញពីគ្នា រវាងផលិតផលប្រើប្រាស់ ដែលជាសារធាតុគីមី និងម្ហូបអាហារ ការដាក់តាំងលក់ ផលិតផលភេសជ្ជៈ ត្រូវកំដៅថ្ងៃ និងចេះពិនិត្យមើលផលិតផល ហួសកាលបរិច្ឆេទជាដើម។
លោកបានថ្លែងថា វិស័យម្ហូបអាហារ ត្រូវបានកើនឡើងទៅតាមកំណើនប្រជាពលរដ្ឋ តែក៏ត្រូវប្រុងប្រយ័ត្ននូវម្ហូបអាហារ ដែលមិនមាន អនុលោមភាព សម្រាប់សុខភាពរបស់ប្រជាពលរដ្ឋផងដែរ។
លោក គង់ វុទ្ធី បានឱ្យដឹងថា ក្នុងកិច្ចត្រួតពិនិត្យខាងលើនេះ គេឃើញប្រជាពលរដ្ឋ ក៏ដូចជា៖ អាជីវករផ្សារ បានសម្តែងនូវទឹកចិត្តរីករាយសាទរ និងគាំទ្រចំពោះសកម្មភាព របស់មន្ត្រីសាខា ក.ប.ប. រាជធានីភ្នំពេញ ដែលតែងតែចុះពិនិត្យទំនិញផ្សេងៗ ដើម្បីការពារសុខមាលភាព និងការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់ពួកគាត់ និងបានសំណូមពរឱ្យសមត្ថកិច្ចពាក់ព័ន្ធនឹងការត្រួតពិនិត្យម្ហូបអាហារជួយទប់ស្តាត់ទំនិញ ខូចគុណភាព ឬមិនមានបទប្បញ្ញត្តិបច្ចេកទេស នាំចូលមកដែលអាចប៉ះពាល់ជាយថាហេតុ ដល់សុខភាពយើងទាំងអស់គ្នា៕ដោយ៖តារា