ខេត្តកំពត៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត នៅព្រឹកថ្ងៃអាទិត្យទី១៧ ខែមីនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ករណីភ្លើងឆេះក្នុងឧទ្យានបូកគោ បានរលត់ហើយ ផលប៉ៈពាល់ទៅលើដំណាំនិងព្រៃឈើប្រហែល ៤០ហិចតា អ្វីដែលសំខាន់គឺមិនមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋនិងលំនៅដ្ឋានរបស់ពួកគាត់។
លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានបញ្ជាក់កាលពីយប់ថ្ងៃទី១៦ មីនាថា៖ ករណីអគ្គីភ័យនៅជួរជើងភ្នំបូកគោកំលាំងអគ្គីភ័យបានត្រៀមដើម្បីការពារបងប្អូនរួចរាល់ហើយ ការឆេះនេះដោយសារអាកាសធាតុក្តៅ ហើយមិនមានផ្លូវសំរាប់រថយន្តអគ្គីភ័យឡើងទៅពន្លត់បាន ដូច្នេះយើងត្រៀមម្ចាស់ការដើម្បីការពារលំនៅដ្ឋានរបស់បងប្អូននៅតាមជើងភ្នំវិញ ក្នុងករណីបន្ទាន់សូមទាក់ទងមកលេខខាងក្រោមនេះ 087818322 ។
បន្ថែមពីនេះ លោកស្នងការ បានបញ្ជាក់ថា គិតត្រឹមម៉ោង ៩យប់មិញនេះ ករណីអគ្គីភ័យនៅជើងភ្នំបូកគោបានថមថយបន្តិចហើយ ភ្លើងមិនបានឆេះរាលដានមកក្រោយជាសញ្ញាល្អសំរាប់ប្រជាពលរដ្ឋដែលរស់នៅតាមជើងភ្នំ ហើយកម្លាំងក៏នូវបន្តតាមដានស្ថានភាពនៃការឆេះ៕ដោយ៖តារា